2024-03-07 11:03
313

(ឡុងដ៍)៖ ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែមីនាថា ការវាយប្រហារដោយមីស៊ីលមួយគ្រាប់របស់ ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញមួយគ្រឿងក្នុងតំបន់សមុទ្រក្រហមបានសម្លាប់មនុស្ស ៣នាក់ ហើយនេះគឺជាលើកដំបូងបំផុតដែលមានមនុស្សស្លាប់ ក្នុង ការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោយមានសេចក្ដីរាយការណ៍ពីការវាយប្រហារនោះ ក្រុមហ៊ូទីក៏បានចេញមុខទទួលខុសត្រូវផងដែរលើការវាយប្រហារដែលបណ្ដាលឱ្យកប៉ាល់ដឹកទំនិញ មួយរបស់ប្រទេសក្រិក ឆាបឆេះនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីឆ្នេរនៃទីក្រុងកំពង់ផែ Aden ប្រទេសយេម៉ែន។ ក្នុងសារមួយបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម X ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ូទី សា្ថនទូតអង់គ្លេសបានឱ្យដឹងថាយ៉ាងហោចមាននាវិក ២នាក់បានស្លាប់។

ប៉ុន្តែ ក្រោយមក ខាងទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាមានមនុស្ស ៣នាក់បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី និង ៤នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា កប៉ាល់របស់ក្រិកខាងលើដែលមានឈ្មោះថា True Confidence បានឱ្យដឹងថាកប៉ាល់របស់ខ្លួនមាននាវិក ២២នាក់ និងសន្តិសុខប្រដាប់អាវុធ ៣នាក់ ក្នុងនោះរួមមានជនជាតិហ្វីលីពីន ១៥នាក់ វៀតណាម ៤នាក់ ស្រីលង្កា ២នាក់ ឥណ្ឌាម្នាក់ និងនេប៉ាល់ម្នាក់។ ក្រុមហ៊ូទីបានបើកការវាយប្រហារលើ កប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអះអាងថាជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ ហ្កាហ្សា។

ចំណែក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញ បានដឹកនាំការវាយប្រហារប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនជាច្រើនលើកផងដែរ ដើម្បីកំញើញទប់ស្កាត់ក្រុមមួយនេះដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក កុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ។ តែបច្ចុប្បន្ន ក្រុមហ៊ូទីនៅតែបន្ត ការវាយប្រហាររបស់ខ្លួន ហើយថែមទាំងប្ដេជ្ញាទៀតផងថាពួកគេនឹងមិនបញ្ឈប់នោះទេ រហូតទាល់តែអ៉ីស្រាអែលបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា៕