2024-02-11 01:02
345

(កៀវ)៖ អ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអគ្គមេបញ្ជាការកងទ័ពរបស់ខ្លួន នៅក្នុងរង្វង់ពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែមានសភាពខ្លាំងក្លានៅលើសមរភូមិ។ លោកឧត្តមសេនីយ៍វ៉ាឡឺរី ហ្សាលូស្ន៊ី ត្រូវបានបញ្ចប់តួនាទីជា អគ្គមេបញ្ជាការកងទ័ព និងត្រូវ បានជំនួសដោយលោកឧត្តមសេនីយ៍អូឡេកសានដ្រ៍។ ហេតុអ្វីបានជាមានការផ្លាស់ប្តូរនេះ?
   ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានតែងតាំងលោក Oleksandr Syrsky ដែលធ្លាប់បានដឹកនាំកងកម្លាំងជើងគោក របស់អ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៩នោះមក ក្លាយជាអគ្គមេបញ្ជាការថ្មី នៃកងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែនជំនួសលោកឧត្តមសេនីយ៍ Valerii Zaluzhnyi។
    ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ Valerii Zaluzhnyi នេះ បានកើតឡើងក្នុងរង្វង់ ដែលមានពាក្យចចាមអារ៉ាម និយាយអំពីភាពប្រេះឆារវាងលោក ហ្សេលិនស្គី និងលោកឧត្តម សេនីយ៍ ហ្សាលូស្នី ដែលជាអ្នកដឹកនាំសឹកសង្គ្រាមរបស់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាម ផ្ទុះ ឡើងរវាងអ៊ុយក្រែននិងរុស្ស៊ីនោះមក។ ការដកតំណែងអគ្គមេបញ្ជាការកងទ័ពនេះ ជាការផ្លាស់ប្ដូរសមាសភាពធំបំផុត នៅក្នុងជួរថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ២០២២។
   ការផ្លាស់ប្តូរនេះទៀតបានស្ថិតក្នុងសភាពការណ៍ដែលកងកម្លាំង រុស្ស៊ីកំពុងវាយប្រហារនៅតាមបណ្តាទីសមរភូមិប្រយុទ្ធដូចជានៅក្នុងតំបន់ Adiivka ដែលរុស្ស៊ី ចាប់ផ្តើមវាយប្រហារប៉ុនប៉ងដណ្តើមយក តាំងពីខែតុលាឆ្នាំ២០២៣ និងក្នុងតំបន់នោះការវាយ ប្រហាររវាងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែន បានចូលដល់ក្នុងក្រុងទៅហើយ ខណៈដែលអ៊ុយក្រែន កំពុងត្រូវការធនធានមនុស្សនិងមេទ័ព ដែលពូកែដើម្បីការលើកទឹកចិត្តទាហានសម្រាប់ធ្វើការប្រយុទ្ធ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានសម្លឹងឃើញថាវាជាពេលវេលា ដែលត្រូវដកអគ្គមេបញ្ជាការចាស់ និងផ្លាស់ប្តូរឧត្តមសេនីយ៍ថ្មីជំនួសលោក Valerii Zaluzhnyi។ លោក ហ្សេលិនស្គី បានថ្លែងថា បញ្ជាការជាន់ខ្ពស់ចាំបាច់ត្រូវមានការពិនិត្យសាឡើងវិញ ហើយលោកថា ឧត្តមសេនីយ៍ហ្សាលូស្នី អាចបន្តស្ថិតក្នុងជួរបញ្ជាការជាន់ខ្ពស់ នោះ បាន។
   លោកហ្សេ លិនស្គី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី៨ កុម្ភៈ ដែលមានការផ្លាស់ប្តូរនោះថា ចាប់ពីថ្ងៃនេះទៅ ក្រុមការងារគ្រប់គ្រងថ្មី នឹងចាប់ផ្ដើមចាត់ចែងការងារដឹកនាំ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា «ខ្ញុំសូមអរគុណចំពោះ លោកឧត្តមសេនីយ៍ Valerii Zaluzhnyi ចំពោះការបំពេញកិច្ចការពារប្រុយុទ្ធរយៈពេល២ឆ្នាំ។ ខ្ញុំសូមអរគុណចំពោះរាល់ ជ័យជំនះដែលយើងបានសម្រេចជាមួយគ្នា និងសូមអរគុណចំពោះកងកម្លាំងយុទ្ធជនអ៊ុយ ក្រែនទាំងអស់ដែលមានវីរៈភាពក្នុងការតស៊ូ នៅក្នុងការប្រយុទ្ធធ្វើសង្គ្រាម…ថ្ងៃនេះយើងមាន កិច្ចពិភាក្សាមួយដោយឥតលាក់លៀម នូវអ្វីដែលយើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរជាបន្ទាន់នៅ ក្នុងជួរកងទ័ពរបស់យើង»។
  លោកឧត្តមសេនីយ៍ហ្សាលូស្នី គឺជាឧត្តមសេនីយ៍មួយ ដែលមានប្រជាប្រិយភាពនិងជាបុគ្គល ម្នាក់ដែលទទួលបានជឿទុកចិត្តពីសំណាក់ ទាហានរបស់អ៊ុយក្រែននិងមហាជន ហើយក៏ធ្លាប់បានគេចាត់ទុកលោកឧត្តមសេនីយ៍ ហ្សាលូស្នី ថាជាវីរបុរសជាតិផងដែរ។ លោកតែងចុះជាប់ នៅលើសមរភូមិនិងចូលរួម ការប្រយុទ្ធរួមសុខទុក្ខជាមួយនឹងទាហានអ៊ុយក្រែន និងលោកតែងមានវត្តមានចូលរួម ក្នុងពិធីសពរបស់យុទ្ធជនអ៊ុយក្រែនជាប់ជានិច្ច ដែលវត្តមានទាំងនោះ ហើយត្រូវគេនិយាយថាបានជម្រុញឱ្យ ប្រជាប្រីយភាពរបស់លោក កាន់តែកើនឡើងក្នុងរង្វង់ ជួរកងទ័ពប្រយុទ្ធ ខណៈដែលលោកហ្សេ ឡិន ត្រូវគេឃើញថាលោកបានអញ្ជើញចុះសាកសួរ សុខទុក្ខទាហានយូរៗម្តង នៅលើសមរភូមិជាមួយនឹងការ ផ្តល់តែគ្រឿងឥស្សរិយយសនិងសម្តី លើកទឹកចិត្តតែប៉ុណ្ណោះ។
   លោកឧត្តមសេនីយ៍ហ្សាលូស្នី ធ្លាប់បានធ្វើឱ្យលោកហ្សេឡិនស្គី ខឹងសម្បារនៅក្នុងពាក្យសម្តី មួយដែលលោកបានប្រាប់អ្នកសារព័ត៌មានថា សង្គ្រាមវាយលុកក្នុងរដូវប្រាំងដែលគេនិយាយថា បានស្ថិតក្នុងសភាពទ័លច្រកនោះ គឺជាការពិត ខណៈដែលប្រធានាធិបតីអ៊ុយក្រែន មិនចង់ ឱ្យពិភពលោកបានមើលឃើញថាយុទ្ធនាការវាយលុករដូវក្តៅនោះ បានស្ថិតក្នុងសភាពទ្រឹង មិនអាចទៅមុខឡើយ ដើម្បីកុំឱ្យប្រទេសលោកខាងលិចអស់សង្ឃឹម ក្នុងការជឿជាក់លើសមត្ថ ភាពប្រយុទ្ធរបស់អ៊ុយក្រែនដែលរំពឹងលើ ជំនួយយោធាពីក្រុមបស្ចឹមប្រទេស។ នៅក្នុងព្រឹត្តិការណ៍ខ្វែងគំនិតគ្នាមួយទៀត, លោកឧត្តមសេនីយ៍ហ្សាលូស្នី បានថ្លែងថាលោកត្រូវការ ការ ជ្រើសកងកម្លាំងទាហានថ្មីអ៊ុយក្រែន ចំនួន៥០ម៉ឺននាក់ថែមទៀត ប៉ុន្តែលោកហ្សេឡិនស្គីបាន ថ្លែងប្រតិកម្មមកវិញថាមិនអាចធ្វើតាម ការស្នើចង់បាននោះឡើយ។
   សេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មាន ដកស្រង់សម្តីទាហានអ៊ុយក្រែនខ្លះដែល និយាយមិនពេញចិត្តចំពោះការបណ្តេញ លោកឧត្តមសេនីយ៍ Valerii Zaluzhnyi ចេញពីតំណែងឡើយ។ ទាហានអ៊ុយក្រែនបាននិយាយថា ការបណ្តេញចេញ លោកឧត្តមសេនីយ៍ Valerii Zaluzhnyi នឹងមិនសក្តិសមឡើយ ពីព្រោះនៅលើសមរភូមិប្រយុទ្ធ គេមិនត្រូវធ្វើការផ្លាស់ប្តូរមេបញ្ជាការ ឡើយ ។ ទាហានអ៊ុយក្រែនខ្លះទៀតបាននិយាយគាំទ្រ ដល់លោកឧត្តមសេនីយ៍ Valerii Zaluzhnyi ដែលស្នើឱ្យមាន ការជ្រើសរើសទ័ពថ្មី ពីព្រោះគេមិនមានទាហានគ្រប់គ្រាន់នៅក្នុង ការប្រយុទ្ធតទល់ជាមួយនឹងទាហានរុស្ស៊ីឡើយ។

  ទាហានអ៊ុយក្រែនបាននិយាយថារុស្ស៊ីមាន ប្រៀបលើទាហានអ៊ុយក្រែន ជាពិសេសកម្លាំងប្រយុទ្ធដ៏ច្រើនរបស់ទាហានរុស្ស៊ីនោះ។ ការស្នើរើសកម្លាំងទ័ព៥០ម៉ឺននាក់ដោយលោកឧត្តមសេនីយ៍ Valerii Zaluzhnyi នាពេលនោះ ត្រូវបានលោកហ្សេឡិនស្គី ថ្លែងជំទាស់ដោយសារតែបញ្ហានៃចំណោទថវិកានៃការត្រូវចំណាយ និងហ្វឹកហ្វឺនចំពោះទាហានថ្មី ដែលត្រូវនាំចូលទាំងនោះ និងការស្នើរកការបង្កើនចំនួនទាហានថ្មី នាពេលនោះទៀត បានស្ថិតក្នុងរង្វង់ស្ថានការណ៍ ដែលក្រុមប្រទេសលោកខាងលិច មិនបានផ្តល់ជំនួយមករដ្ឋាភិបាលក្រុងគៀវ ដើម្បីការទិញអាវុធគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាម ប្រឆាំងនឹងរុស្ស៊ីនាពេលនោះឡើយ។
  លោក ហ្សេលិនស្គី បានថ្លែងតាមសារវីដេអូប្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនថា អគ្គមេបញ្ជាការកងទ័ពថ្មីលោកឧត្តមសេនីយ៍ Oleksandr Syrsky គឺជាមេបញ្ជាការដែលមានបទពិសោធន៍ទាំងការការពារ និងការវាយលុក។ លោក Oleksandr Syrsky អាយុ៥៨ឆ្នាំ ដែលជានាយទាហាន ហ្វឹកហ្វឺន ជំនាញតាំងពីអតីតកាលសម័យសហភាពសូវៀត បានដឹកនាំកងកម្លាំងការពារទីក្រុងគៀវនៅ ពេលដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានដំបូង កាលពីឆ្នាំ ២០២២។ បន្ទាប់មក លោកក៏បាន ទទួលជ័យជំនះនៅក្នុងការវាយបក នៅក្នុងទីក្រុងខាគីវ។ ចាប់តាំងពីពេលនោះ មក លោកបានធ្វើជាមេបញ្ជាការប្រតិបត្តិការសឹកនៅភាគខាងកើតប្រទេស។ គេកំពុងរង់ចាំមើលថា តើជាមួយនឹងការផ្លាស់ប្តូរ អគ្គមេបញ្ជាការថ្មីនេះ អ៊ុយក្រែននឹងកែប្រែឬផ្លាស់ប្តូរសភាពការណ៍នៅលើ សមរភូមិរបស់ខ្លួនបានអ្វីខ្លះមកវិញ។
* ស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនដែលបន្តអូសបន្លាយសង្គ្រាមលើទឹកដីអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីក្នុងថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២មកនោះ បានឈានដល់៧១៦ថ្ងៃ ហើយគិតត្រឹមថ្ងៃសុក្រ ទី៩ កុម្ភៈ ឆ្នាំ២០២៤។ សេចក្តីរាយការណ៍ បានបង្ហាញថានៅពេលដែលសង្គ្រាមត្រៀម នឹងឈានចូលដល់ឆ្នាំទី៣ខាង មុខនេះ អ៊ុយក្រែនបានប្រឈមនឹងកិច្ចការគួរឱ្យបារម្ភមួយ នោះគឺថាតើអ៊ុយក្រែននឹងត្រូវស្តារ ប្រៀបឈ្នះនសកម្លាំងយោធារបស់ខ្លួនដាក់លើរុស្ស៊ីវិញ ដោយរបៀបណា? ការវាយប្រហារ Counter Offensive របស់អ៊ុយក្រែនក្នុងឆ្នាំ២០២៣ ត្រូវគេឃើញថាមិនបានទទួលជោគជ័យឡើយ។ ហើយការត្រៀមរៀបចំផែនការវាយលុកសាជាថ្មី ដែលមេដឹកនាំអ៊ុយក្រែនបានប្រ កាលពីចុងឆ្នាំ២០២៣កន្លងមកនោះ ត្រូវគេឃើញថាមិនបានស៊ីសង្វាក់ នឹងការរៀបចំកម្លាំងទ័ពដ៏ត្រឹមត្រូវ និងទន្ទឹមដែលអ៊ុយក្រែនស្រាប់តែប្រឈមនឹងឧបសគ្គជំនួយយោធា ខណៈពិភពលោកបានបំបែរអារម្មណ៍ងាកទៅផ្តោត នឹងសង្គ្រាមផ្ទុះថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។
   ការត្រៀមរៀបចំធ្វើការវាយលុកសាជាថ្មីណាមួយ ក្នុងឆ្នាំ២០២៤នេះ នឹងត្រូវការកម្លាំងទាហាន ដែលហ្វឹកហ្វឺនជំនាញនិងចំនួនទាហាន ជ្រើសរើសតាមការកំណត់ជាមួយនឹងអាវុធយុទ្ធភណ្ឌ និងជាពិសេសស្មារតីប្រយុទ្ធរបស់មេបញ្ជាការ និងអគ្គមេបញ្ជាការដែលទាហានជឿថា ពិតជា វីរៈបុរសរបស់គេក្នុងការប្រយុទ្ធដោយមិនខ្លាចស្លាប់ដើម្បីបុព្វហេតុរបស់អ៊ុយក្រែន។ ការកែទម្រង់ផ្លាស់ប្តូរអគ្គមេបញ្ជាការកងទ័ព វេលាចុងក្រោយនេះទៀត ត្រូវគេរាយការណ៍ថា ក៏មិនទាន់ប្រមូលផ្តុំកម្លាំងប្រយុទ្ធអ៊ុយក្រែនអាចប្រមូលផ្តុំ ក្នុងស្មារតីប្រយុទ្ធចំពោះសត្រូវបាន នៅឡើយដែរ។
  សម្រាប់ឆ្នាំ២០២៤នេះ ត្រូវគេមើលឃើញទៀតថា វាមិនសូវមានអំណោយផលល្អដូចកាលពី ឆ្នាំ២០២៣ឡើយ។ ឱកាសឆ្នាំ២០២៣ ត្រូវគេរំពឹងមុននោះថា នឹងអាចធ្វើឱ្យទាហានអ៊ុយក្រែន មានលទ្ធភាព ក្នុងការវាយលុកដណ្តើមយកទឹកដី ដែលរុស្ស៊ីបានគ្រប់គ្រង ប៉ុន្តែការវាយប្រហារ បានធ្វើឱ្យភាគីទាំងសងខាងស្លាប់ និងរងរបួសយ៉ាងដំណំ ហើយអ៊ុយក្រែនក៏មិនអាចទទួល បានជោគជ័យ ដូចតាមការរំពឹងទុកបានឡើយ។ ឆ្នាំ២០២៤នេះ ត្រូវបានគេមើលឃើញថាមិន មែនដូចជាឆ្នាំ២០២៣ដែលអ៊ុយក្រែន មានកម្លាំងយោធានិងអាវុធយុទ្ធភណ្ឌពេញលេញ សម្រាប់វាយលុកសត្រូវរបស់ខ្លួននៅលើ សមរភូមិឡើយ។
  ចំណែកពីខាងភាគីរុស្ស៊ីនោះវិញ, ប្រធានាធិបតីលោក វ្លាឌីមៀរ ពូទីន ក្នុងកិច្ចសម្ភាសន៍មួយ នាថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងអ្នកកាសែតអាមេរិកលោក Tucker Carlson បានថ្លែងថារុស្ស៊ី ក៏មិនមានបំណងចង់បញ្ឆេះសង្គ្រាម ដាក់ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនផងដែរ។ មេដឹកនាំរុស្ស៊ី បានថ្លែងប្តេជ្ញាថា លោកនឹងបន្តការប្រយុទ្ធដើម្បីការពារតែងផល ប្រយោជន៍ជាតិរុស្ស៊ីតែប៉ុណ្ណោះ ហើយលោកថារុស្ស៊ីគ្មានបំណងចង់ពង្រីកសង្គ្រាមនេះឱ្យរាល ដាលចូលទៅក្នុងប្រទេសដទៃ ដូចជាប្រទេស   ប៉ូឡូញឬប្រទេស Latvia នោះឡើយ៕