រដ្ឋធានីម៉ានីល៖ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងម៉ានីល កំពុងតែស្វែងរកភាពល្អូកល្អិន លើទំនាក់ទំនងការទូត ក្រោយពេលការកើតភាពរកាំរកូសជាមួយគ្នា នៅក្នុងរយៈពេលចុងក្រោយនេះ ហ្វីលីពីន ក៏បានបង្ហាញអំណាចកម្លាំងការពារជាតិ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ថា លោក ហ្គីលប៊ឺរតូ ទូដូរ៉ូ (Gilberto Teodoro) រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន បានប្រាប់ក្លឹបសារព័ត៌មាន Manila Overseas កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ថា «យើងកំពុងវិវឌ្ឍឆ្ពោះទៅរកគោលគំនិតការពារជាតិ ដោយបង្ហាញអំពីអំណាចរបស់យើង ទៅលើដែនទឹក ដោយផ្អែកតាមរដ្ឋធម្មនុញ្ញ និង កាតព្វកិច្ចការពារ ក៏ដូចជា ការថែរក្សាធនធានរបស់យើង»។
លោកប្រមុខការពារជាតិហ្វីលីពីន បានសង្កត់ធ្ងន់ ថា ហ្វីលីពីន នឹងបង្កើនសកម្មភាពជាមួយសម្ពន្ធមិត្ត រួមទាំងដៃគូសំខាន់ៗ នៅក្នុងសមុទ្រហ្វីលីពីនខាងលិច ក៏ដូចជាផ្នែកផ្សេងៗទៀតនៃប្រទេស ហើយអនុវត្តភាពជាដៃគូឲ្យបានពេញលេញ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងម៉ានីល តែងតែចាត់ទុកផ្នែកខ្លះ នៃសមុទ្រចិនខាងត្បូង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ជាសមុទ្រហ្វីលីពីនខាងលិច។ នៅតំបន់នោះ តែងតែមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយចិន។
សមុទ្រចិនខាងត្បូង មានទំហំ៣,៥គីឡូម៉ែត្រការ៉េ ក្លាយជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម ទៅកាន់ពិភពលោក។ ពាណិជ្ជកម្មឆ្លងកាត់សមុទ្រនេះ ជារៀងរាល់ឆ្នាំ មានទំហំទឹកប្រាក់ ប្រហែល៣ពាន់ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលភិបាលក្រុងប៉េកាំង តែងតែទាមទារស្ទើរទាំងស្រុងជាដែនអធិបតេយ្យភាពរបស់ខ្លួន ទើបបង្កឲ្យជម្លោះជាមួយនឹងហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ប៊្រុយណេ ៕