2024-05-27 08:05
253

រដ្ឋធានីកៀវ៖ ស្របពេលកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នឹងចូលមកដល់នាពេលខាងមុខនេះ  ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គិ (Volodymyr Zelenskyy) បានជំរុញឱ្យមេដឹកនាំពិភពលោក រួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បង្ហាញការគាំទ្ររបស់ខ្លួន ចំពេលប្រទេសមានសង្រ្គាម ជាមួយរុស្ស៊ី។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែងជាភាសាអង់គ្លេស នៅក្នុងឃ្លីបវីដេអូមួយ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) ថា «មិនមានប្រទេសណាដែលអាចបញ្ឈប់សង្រ្គាមបែបនេះតែម្នាក់ឯង ដោយគ្មានជំនួយនោះឡើយ។ ការចូលរួមរបស់មេដឹកនាំពិភពលោក ជាកាចាំបាច់បំផុត សម្រាប់ការជំរុញឲ្យបញ្ចប់សង្គ្រាម។
ប្រទេសស្វីស ជាអ្នករៀបចំកិច្ចប្រជុំកំពូលសន្ដិភាព ចន្លោះពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងឃ្លីបវីដេអូនោះ លោកប្រធានាធិបតី ហ្សេឡែនស្គី បានបង្ហាញនូវការកត់សម្គាល់ទៅលើប្រទេសជាង៨០ បានអះអាង ថា នឹងចូលរួម ហើយថា យើងនឹងបន្ដធ្វើការជាមួយនឹងមេដឹកនាំទាំងនោះ ដែលកំពុងតែអញ្ជើញពួកគាត់ មកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះ។
   លោក វីយ៉ូឡា អាមហ៊ើដ (Viola Amherd) ប្រធានាធិបតីស្វី បានបញ្ជាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ថា ស្វីស បានផ្ញើលិខិតអញ្ជើញប្រទេសចំនួន ១៦០ ដោយមានទាំង អាមេរិកខាងត្រូង អាហ្វ្រិក និង តំបន់មជ្ឈិមបូព៌ា ហើយប្រទេសទាំងនោះ សុទ្ធតែបានអះអាង ពីការអញ្ជើញមកចូលរួមរបស់ពួកគាត់។
បើតាមរបាយការណ៍របស់ Bloomberg កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភា បានឲ្យដឹង ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទំនងជានឹងខកខានចូលរួមនៅក្នុងងកិច្ចប្រជុំកំពូលនេះ ខណៈគាត់ត្រូវអញ្ជើញចូលរួមកម្មវិធីរៃអង្គាសថវិកាយុទ្ធនាការ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ដោយឡែក មន្ត្រីអាមេរិកម្នាក់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៦ ខែឧសភា) ថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដោយមិនបញ្ជាក់ ថា អ្នកណា ឬនៅកម្រិតណា នឹងចូលរួមនោះឡើយ។
    ស្របគ្នានេះដែរ  ប្រទេសចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ជាមួយប្រេស៊ីល ថា ខ្លួនគាំទ្រដល់សន្និសិទសន្តិភាពអន្តរជាតិ ដែលធ្វើឡើង នៅពេលត្រឹមត្រូវដែលត្រូវបានទទួលស្គាល់ ដោយរុស្ស៊ី និង អ៊ុយក្រែន ដោយមានការចូលរួមស្មើគ្នា មកពីគ្រប់ភាគី ព្រមទាំងការពិភាក្សា ដោយយុត្តិធម៌ លើផែនការសន្តិភាពទាំងអស់។
រុស្ស៊ី បានអះអាង កាលពីដើមខែឧសភា ថា ខ្លួនមិនត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនោះទេ ហើយក៏មិនឃើញមានចំណុចណាមួយ នៅក្នុងព្រឹត្តិការណ៍នេះដែរ។ 
កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានវាយប្រហារទៅលើហាងលក់គ្រឿងសម្ភារ DIY ដែលមានហ្វូងមនុស្សជាច្រើន នៅទីក្រុងខាគីវ (Kharkiv) ដោយបានសម្លាប់មនុស្ស ចំនួន១២នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈទីក្រុងធំទីពីររបស់ប្រទេសនេះ រងការវាយប្រហារ កាលពីពីរថ្ងៃមុននេះ៕