2024-02-16 09:02
357

រាជធានីតូក្យូ៖ ប្រទេសជប៉ុន បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយមិននឹកស្មានដល់ នៅចុងឆ្នាំ២០២៣ ដោយបានរបូតតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោក ខណៈតំណែងនេះ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អាល្លឺម៉ង់ ហើយបង្កើនការសង្ស័យ អំពីពេលដែលធនាគារកណ្តាល នឹងចាប់ផ្តើមចាកចេញអំពីគោលនយោបាយរូបិយវត្ថុដ៏តឹងតែង រយៈពេលមួយទសវត្សរ៍របស់ខ្លួន។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមអ្នកវិភាគមួយចំនួន កំពុងតែព្រមាន អំពីការធ្លាក់ចុះមួយផ្សេងទៀត នៅក្នុងត្រីមាសបច្ចុប្បន្ន ដោយសារតែតម្រូវការចុះខ្សោយ នៅក្នុងប្រទេសចិន ការប្រើប្រាស់ធ្លាក់ចុះ និង ការបញ្ឈប់ផលិតកម្ម នៅក្នុងអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ។ សកម្មភាពទាំងអស់ បង្ហាញអំពីផ្លូវដ៏លំបាកមួយ ឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ច។ 

លោក យ៉ូស៊ីគី ស៊ីនកេ (Yoshiki Shinke) សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់ នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research (ដាយ-អ៊ីឈិ ឡាហ្វ រីស៊ើច) បានថ្លែង ថា៖ «អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺជាការធ្លាក់ចុះ នៃការប្រើប្រាស់ និង ការចំណាយមូលធន ដែលជាសសរស្តម្ភដ៏សំខាន់ នៃតម្រូវការក្នុងស្រុក។ សេដ្ឋកិច្ចនឹងបន្តបាត់បង់សន្ទុះ សម្រាប់ពេលបច្ចុប្បន្ន ដោយមិនមានកត្តាជំរុញសំខាន់ៗ នៃកំណើនសេដ្ឋកិច្ច»។

បើតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) ថា ផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន បានធ្លាក់ចុះ ០,៤ភាគរយ នៅក្នុងអំឡុងខែតុលា រហូតដល់ខែធ្នូ បន្ទាប់ពីការធ្លាក់ចុះ ៣,៣ភាគរយ នៅក្នុងត្រីមាសមុននេះ។ រីឯការធ្លាក់ចុះចំនួនពីរត្រីមាសជាប់ៗគ្នា តាមធម្មតា ត្រូវបានចាត់ទុក ថា ជានិយមន័យ នៃវិបត្តិបច្ចេកទេស។

លោក យ៉ូស៊ីតាកា ស៊ីនដូ (Yoshitaka Shindo) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការសម្រេចបាននូវកំណើនប្រាក់ឈ្នួលដ៏រឹងមាំ ដើម្បីគាំទ្រដល់ការប្រើប្រាស់ តាមអ្វីដែលគាត់បានពិពណ៌នា ថា វាជាខ្វះសន្ទុះ ដោយសារការកើនឡើងតម្លៃ។

បើតាមទិន្នន័យ បានបង្ហាញ ថា GDP បច្ចុប្បន្នរបស់ប្រទេសជប៉ុន មានចំនួន៤,២១ពាន់ពាន់លានដុល្លារ (US$4.21 trillion) នៅក្នុងឆ្នាំ២០២៣ ដោយធ្លាក់មកនៅពីក្រោមអាល្លឺម៉ង់ ដោយមាន GDP ចំនួន ៤,៤៦ពាន់ពាន់លានដុល្លារអាមេរិក (US$4.46 trillion)។ បើតាមតួលេខនេះ បានបង្ហាញ ថា អាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ឈរនៅលេខ១ ដោយមាន GDP ចំនួន២៦,៩៥០ពាន់ពាន់លានដុល្លារ ($26.950 trillion) និង ចិន ឈរលេខ២ ដោយមាន GDP ចំនួន ១៧,៧០១ពាន់ពាន់លានដុល្លារអាមេរិក ($17.701 trillion) ខណៈជប៉ុន ធ្លាក់មកនៅលេខ៤៕