(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រកាសសន្យាផ្ដល់កញ្ចប់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ២៤៥លានផោន ឬស្មើនឹងជាង៣១១លានដុល្លារ ដើម្បី ជំរុញការផលិតគ្រាប់កាំភ្លើងធំ សំដៅបំពេញតម្រូវការចាំបាច់សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២៤ ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយដណ្ដើមបានទឹកដីមួយផ្នែកធំរបស់ខ្លួនមកវិញ ក្រោយរុស្ស៉ី បើកការឈ្លានពានកាលពីឆ្នាំ២០២២។ ប៉ុន្តែ អ៊ុយក្រែនមិនអាចឈ្នះបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីសហគមន៍អន្តរជាតិ ហើយនេះគឺជាហេតុផលដែលយើងបន្តធ្វើអ្វីដែល អាចជួយធានាបានថាអ៊ុយក្រែនអាចបន្តការប្រយុទ្ធដើម្បីជ័យជម្នះ»។
ជាមួយគ្នានោះដែរ ក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថាជំនួយថ្មីខាងលើ នឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការផលិតគ្រាប់កាំភ្លើងធំ ដើម្បីបំពេញតម្រូវការចាំបាច់ សម្រាប់អ៊ុយក្រែន ដែលបានបង្ហាញពីប្រសិទ្ធភាពក្នុងការប្រើប្រាស់កាំភ្លើងធំរបស់ខ្លួន នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។
គួរបញ្ជាក់ថា នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅកាន់សភាកាលពីថ្ងៃព្រហស្បតិ៍ លោក Grant Shapps បានទទួលស្គាល់ពីការប្រគល់បន្ថែមនូវមីស៊ីលប្រឆាំងរថក្រោះ Brimstone ២០០ដើម ទៅឱ្យអ៊ុយក្រែន ធ្វើឱ្យចំនួនសរុបនៃអាវុធប្រភេទនេះដែលទីក្រុងឡុងដ៍ផ្ដល់ឱ្យទីក្រុងកើនដល់ ១,៣០០ដើម។ មិនតែប៉ុណ្ណោះ លោកបានប្រកាសថាចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យអ៊ុយក្រែនផងដែរ៕