2024-02-15 09:02
333

(តៃប៉ិ)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន១៤គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ហើយពួកវាបានចូលរួម ធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ ជាមួយកងនាវាចម្បាំងចិនថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់តាំងពីម៉ោងប្រហែលជា១រសៀលថ្ងៃពុធនេះ ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន សរុបចំនួន១៤គ្រឿង ដែលរួមមានទាំង យន្តហោះចម្បាំង J-16 និងយន្តហោះដ្រូន ធ្វើប្រតិបត្តិការនៅក្បែរភាគខាងជើង និងពាយព្យកោះតៃវ៉ាន់។ យន្តហោះ៩គ្រឿងក្នុងចំណោមនោះ បានហោះឆ្លងខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់ និងសហការជាមួយកងនាវាចម្បាំងចិន ដើម្បីធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធរួមគ្នា។

គួរបញ្ជាក់ថា ក្នុងពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន គឺតែងតែបញ្ជូនយន្តហោះនិងនាវាយោធាជាប្រចាំ មកកាន់ផ្ទៃអាកាស និងផ្ទៃសមុទ្រ នៅក្បែរៗដែនកោះនេះ ដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ។ កាលពីខែមករាកន្លងទៅ តៃវ៉ាន់ទើបតែបានបោះឆ្នោតជ្រើសរើស មេដឹកនាំរងបច្ចុប្បន្នគឺលោក Lai Ching-te ឱ្យធ្វើជាមេដឹកនាំបន្ទាប់ ខណៈរូបលោកត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់។ លោក Lai នឹងស្បថចូលកាន់តំណែងជាផ្លូវការ បន្តពីលោកស្រី Tsai Ing-wen នៅខែឧសភា ឆ្នាំនេះ៕