2024-11-15 01:11
71

 ផ្កាថ្មដ៏ធំបំផុតដែលមិនធ្លាប់មានការកត់ត្រាពីមុនមក ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ផ្កាថ្មដ៏ធំនេះ ត្រូវបានប្រមូលផ្ដុំទៅដោយបណ្ដុំនៃសត្វតូចៗ ជាច្រើនដែលមានការភ្ជាប់គ្នាបង្កើតទៅជាសារពាង្គកាយតែមួយ ដោយគេបានសន្និដ្ឋានថាថ្មនេះអាចមានអាយុកាលលើសពី ៣០០ ឆ្នាំឯណោះ។ 

 ក្រុមការងារដែលបានរកឃើញថ្មមួយនេះបានធ្វើការអះអាងថា វាមានគឺមានទំហំធំជាងត្រីបាឡែនពណ៌ខៀវទៅទៀត។ ហើយវាត្រូវបានគេរកឃើញដោយសារតែអ្នកថតវីដេអូ ដែលធ្វើការនៅលើកប៉ាល់ National Geographic ដែលពួកគេបានទៅទស្សនានៅតំបន់ដាច់ស្រយាលមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងគោលបំណងទៅមើលពីមធ្យោបាយផ្សេងៗដែលនាំឲ្យកើតមាននូវផលប៉ះពាល់ ក៏ដូចជាបម្រែបម្រួលនៃអាកាសធាតុជាដើម។

 ភ្លាមៗអ្នកវិទ្យាសាស្រ្តក៏បានធ្វើការវាស់នូវផ្កាថ្មនេះ ដោយបានប្រើប្រាស់ប្រភេទខ្សែរង្វាស់ក្រោមទឹក។ ហើយបន្ទាប់ពីបានវាស់រួចរាល់ហើយ អ្នកវិទ្យាសាស្រ្តក៏បានដឹងថាវាមានទទឹងប្រវែង ៣៤ ម៉ែត្រ បណ្ដោយ ៣២ ម៉ែត្រ និងកម្ពស់ ៥.៥ម៉ែត្រ។

 ផ្កាថ្មនេះត្រូវបានបង្កើតឡើងពីសារពាង្គកាយ ដែលមានជីវិតរាប់រយរាប់ពាន់ប្រភេទដែលហៅថា Polyps ។ បន្ថែមពីនេះទៀត ផ្កាថ្មមិនត្រឹមតែផ្ដល់ផលប្រយោជន៍ទៅដល់សត្វដែលរស់នៅក្នុងទឹកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បានជួយចិញ្ចឹមទៅដល់ជីវិតរបស់មនុស្សមួយពាន់លាននាក់ផងដែរ ហើយវាក៏ជួយទៅដល់វិស័យទេសចរណ៍ ឬក៏ការនេសាទផងដែរ នេះបើយោងទៅតាមការផ្សាយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។