2024-01-24 04:01
331

រាជធានីបាងកក៖ រហូតមដកល់ពេលនេះ មនុស្សម្នាគ្រប់គ្នា កំពុងតែសម្លឹងមើលទៅលើការសម្រេចក្ដីរបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ករណីកាន់កាប់ភាគហ៊ុនបណ្ដាញផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត់  (Pita Limjaroenrat) អតីតមេបក្សប្រឆាំង «ឆ្ពោះទៅមុខ» (Move Forward Party) ហៅកាត់ MFP នៅថ្ងៃពុធ ទី២៤ ខែមករា។ 

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ថា ប្រសិនបើតុលាការរកឃើញ ថា លោក ភីថា កាន់កាប់តំណែង ខណៈដឹងថា គាត់បានកាត់កាប់ភាគហ៊ុន នៅក្នុងអាជីវកម្មបណ្ដាញផ្សព្វផ្សាយ iTV គាត់អាចនឹងបាត់បង់តំណែងជាតំណាងរាស្រ្ដ។

លោក កុមសាន ភូកុង ជាអ្នកជំនាញច្បាប់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី២៣ ខែមករា ថា ប្រសិនបើតុលាការសម្រេចក្ដីដោយការអនុគ្រោះដល់លោក ភីថា នោះ គាត់នឹងត្រូវដើរចូលជាសមាជិកសភាវិញ ហើយមានសិទ្ធិតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។

បើទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញច្បាប់រូបនេះ បានបញ្ជាក់ ថា គាត់ជឿ ថា តុលាការទំនងជាសម្រេចក្ដី ប្រឆាំងនឹងលោក ភីថា ដោយសារសេចក្តីសម្រេចរបស់ខ្លួន លើករណីកាន់កាប់ភាគហ៊ុនស្រដៀងគ្នា ដូចជាករណីប្រឆាំងនឹងលោក ថាណាថន ជួងរូងគិត (Thanathorn Juangroongruangkit) អតីតមេដឹកនាំគណបក្សអនាគត (FFP) ដែលបានរំលាយ ខណៈឥឡូវប្ដូរឈ្មោះជា MFP ។

តុលាការធម្មនុញ្ញ បានសម្រេច កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងការដកសិទ្ធិរបស់លោក ថាណាថន នៅក្នុងនាមជាសមាជិកសភា ដោយបានកាន់កាប់ភាគហ៊ុនជាង ៦៧៥ ០០០ហ៊ុន នៅក្នុង V-Luck Media Co ខណៈ FFP បានបញ្ជូនឈ្មោះបេក្ខជនសមាជិកសភា ទៅក្នុងបញ្ជីគណបក្សរបស់ខ្លួន ចូលទៅក្នុងបញ្ជីគណៈកម្មការរៀបចំការបោះឆ្នោត (EC)។

អ្នកជំនាញច្បាប់រូបនេះ បានបន្ថែម ថា ការសម្រេចរបស់តុលាការបែបនេះ អាចនាំឱ្យមានការរំលាយគណបក្ស MFP តាមមានបទប្បញ្ញត្តិផ្ទាល់ខ្លួន ដោយហាមសមាជិកបក្ស មិនឱ្យកាន់ភាគហ៊ុន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្ដែប្រសិនបើលោក ភីថា ត្រូវបានដកចេញពីឋានៈជាសមាជិកសភារបស់គាត់ នេះនឹងមានន័យ ថា MFP ត្រូវបានគ្រប់គ្រង ដោយមេដឹកនាំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាសមាជិកគណបក្ស តាំងពីដំបូងមក។

គណបក្ស MFP កាលពីថ្ងៃអង្គារ បានចេញផ្សាយឃ្លីបវីដេអូមួយ ដោយបានបញ្ជាក់ ថា លោក ភីថា ឥឡូវនេះជាប្រធានទីប្រឹក្សារបស់គណបក្ស នឹងរួចផុតពីករណីកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងរូបគាត់ ហើយនឹងត្រូវបានចូលជាសមាជិកសភាឡើងវិញ។

គណបក្សឆ្ពោះទៅមុខ បានឈ្នះ នៅក្នុងការបោះឆ្នោតសកល កាលពីអំឡុងឆ្នាំ២០២៣ ប៉ុន្ដែគណបក្សនេះ មិនមានអាសនៈគ្រប់គ្រាន់សម្រាប់ជួយឲ្យលោក ភីថា ក្លាយជានាយករដ្ឋមន្រ្ដី ខណៈសមាជិកសភាផ្សេងៗទៀត និង សមាជិកព្រឹទ្ធសភា មាននិន្នាការទៅលើពួកយោធា ហើយប្រឆាំងបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោក ភីថា ។ នៅទីបំផុត បេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ ត្រូវបានសភាថៃ ជ្រើសរើសជានាយករដ្ឋមន្រ្ដី៕