2024-03-01 04:03
350

រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD បានទម្លាក់តម្លៃរថយន្ដរបស់ខ្លួន រហូតដល់២០ភាគរយ ពីតម្លៃដែលបានលក់កន្លងមក ដោយម៉ូដែលខ្លះ មានតម្លៃ ចាប់ពី ១១ ០៩០ដុល្លារឡើងទៅនោះមកដល់ឥឡូវនេះមហាសេដ្ឋីលំដាប់លេខ២របស់ពិភពលោក លោក អេឡុន ម៉ាស់ (Elon Musk) ក៏បានប្រើប្រាស់យុទ្ធសាស្រ្ដថ្មី វាយលុកទៅលើក្រុមហ៊ុន ជាគូប្រជែងរបស់ខ្លួន ចំពេលសង្គ្រាមតម្លៃរថយន្ដកំពុងតែកើនឡើង។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី អេឡុន ម៉ាស់ កាលពីព្រឹក ថ្ងៃសុក្រ បានបង្ហាញអំពីការលើកទឹកចិត្តថ្មី រួមទាំងការឧបត្ថម្ភធន ធានារ៉ាប់រង ដើម្បីជាការទាក់ទាញដល់អ្នកប្រើប្រាស់ នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយជាកន្លែង ដែលក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់សហរដ្ឋអាមេរិក មួយនេះ កំពុងតែស្ថិតក្នុងសង្រ្គាមប្រជែងគ្នា អស់រយៈពេលជាយូរមកហើយ ប្រឆាំងនឹងក្រុមហ៊ុនជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួនដូចជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់ចិន BYD ក្រុមហ៊ុន Tesla បានបញ្ជាក់ នៅលើគណនីបណ្ដាញសង្គម Weibo របស់ខ្លួន ថា ការទិញរថយន្ដ Model 3 និង Model Y SUV នៅចុងខែមីនា នឹងទទួលបានការលើកទឹកចិត្ត ដោយមានតម្លៃត្រឹមតែ ៣៤ ៦០០យន់ ឬស្មើនឹងប្រហែលជាង ៤ ៨០៧ដុល្លារអាមេរិក។ នៅក្នុងចំណោមការលើកទឹកចិត្ត គឺការបញ្ចុះតម្លៃ ៨ 000 យន់ ឬស្មើនឹងប្រហាក់ប្រហែល ១ ១១២ដុល្លារអាមេរិក នៅក្នុងផលិតផលធានារ៉ាប់រងរថយន្ត ជាមួយនឹងភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុន Tesla និង ការបញ្ចុះតម្លៃ ១0 000 យន់ ឬស្មើនឹងប្រហាក់ប្រហែល ១ ៣៩០ដុល្លារអាមេរិក ប្រសិនបើអ្នកទិញ ជ្រើសរើសនូវការផ្លាស់ប្តូរថ្នាំលាប។

ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏ផ្តល់ជូននូវផែនការហិរញ្ញប្បទានអនុគ្រោះ ខណៈពេលវេលាមានការកំណត់ ដោយអាចសន្សំប្រាក់បាន រហូតដល់ ១៦ ៦០០យន់ ឬស្មើនឹងប្រហាក់ប្រហែល ២ ៣០៦ដុល្លារអាមេរិក សម្រាប់ការទិញម៉ូដែល Y ។នៅពេលសួរអំពីបរិមាណស្តុក ដែលក្រុមហ៊ុន Tesla មានរថយន្ដអគ្គិសនី នៅក្នុងប្រទេសចិន នោះ អ្នកតំណាងផ្នែកលក់ បាននិយាយថា វានៅមានកម្រិត ប៉ុន្តែគាត់បានបដិសេធនូវការផ្តល់ព័ត៌មានលម្អិត។

ដោយឡែកការប្រឈមមុខជាមួយនឹងការធ្លាក់ចុះ នៃតម្រូវការ និង ការកើនឡើង នៃការប្រកួតប្រជែងនោះ ក្រុមហ៊ុន Tesla បានទម្លាក់តម្លៃរថយន្ត Model 3 និង Y មួយចំនួន នៅក្នុងប្រទេសចិន ចាប់តាំងពីខែមករា រហូតមក។ ក្រុមហ៊ុនអាមេរិកមួយនេះ បានផ្តល់នូវការបញ្ចុះតម្លៃជាសាច់ប្រាក់ សម្រាប់ម៉ូដែល Ys មួយចំនួន ចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតមក។

ក្រុមហ៊ុនអគ្គិសនីយក្សរបស់ចិន BYD ដែលជាគូប្រជែងដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃសុក្រ បានទម្លាក់តម្លៃ ដោយបានចាប់ផ្តើមកែប្រែតម្លៃថ្មី សម្រាប់រថយន្ដកូនកាត់ ប្រភេទ SUV Song Pro រហូតដល់១៥,៤ភាគរយ។ ក្រុមហ៊ុន BYD ដែលបានទម្លាក់ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក នៅត្រឹមត្រីមាសទី៤ ហើយបានឆ្លើយតបជាមួយនឹងការបញ្ចុះតម្លៃ កាន់តែច្រើន នៅក្នុងខែកុម្ភៈកន្លងទៅនេះ៕