2024-02-17 11:23
350

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ (វ៉ាស៊ីនតោន) បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកទទួលស្គាល់ខុសត្រូវ ចំពោះការស្លាប់របស់មេបក្សប្រឆាំងរុស្ស៉ី លោក Alexei Navalny។ ប៉ុន្តែ វិមានក្រឹមឡាំងបានប្រកែក និងចាត់ទុកថាជារឿងមិន អាចទទួលយកបានដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី ១៧ កុម្ភៈ ឆ្នាំ២០២៤ ។

ថ្លែងចេញពីសេតវិមាន ក្រោយការប្រកាសពីដំណឹងមរណភាពរបស់លោក Nalvany លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់បានដឹងថាមាន អ្វីកើតឡើងឱ្យប្រាកដនោះទេ ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេថាការស្លាប់របស់លោក Nalvany គឺជាលទ្ធផលនៃទង្វើមួយដែលលោក ពូទីន និងឧក្រិដ្ឋជនរបស់ លោកបានប្រព្រឹត្ត...លោក ពូទីនគឺជាអ្នកទទួលខុសត្រូវចំពោះមរណភាពរបស់លោក Nalvany»។ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង បានចាត់ទុកថាសេចក្ដីថ្លែងការណ៍ជុំវិញមរណភាពលោក Nalvany របស់បណ្ដាប្រទេសលោកខាងលិច ជារឿងមិនអាចទទួលយកបាន ដោយសារតែមិនទាន់មានព័ត៌មានច្បាស់លាស់បញ្ជាក់មូលហេតុស្លាប់របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះនៅឡើយទេ។ «មិន ទាន់មានព័ត៌មានច្បាស់ការពីមូលហេតុស្លាប់ (របស់លោក Nalvany) ទេ ប៉ុន្តែបែរជាមានសេចក្ដីថ្លែងការណ៍គ្មានហេតុផលរបៀបនេះទៅវិញ។ យើងចាត់ទុកថា សេចក្ដីថ្លែងការណ៍របៀបនេះជារឿងមិនអាចទទួលយកបានដាច់ខាត»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។

គួរបញ្ជាក់ថា លោក Alexei Navalny បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ នៅអាយុ៤៧ឆ្នាំ នៅក្នុងពន្ធនាគារមួយក្នុងប្រទេសរុស្ស៉ី ជាទីដែល លោកកំពុងអនុវត្តទោសជាប់ឃុំរយៈពេល១៩ឆ្នាំ។ តាមមន្ត្រីពន្ធនាគាររុស្ស៉ី លោក Navalny បានសន្លប់បាត់បង់ស្មារតី ក្រោយពីដើរហាត់បា្រណ ហើយត្រូវបាន ជួយសង្រ្គោះពីក្រុមគ្រូពេទ្យដែរ តែមិនអាចសង្រ្គោះជីវិតលោកបាន។ មូលហេតុស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈគណៈកម្មាធិការស៊ើបអង្កេត មួយរបស់រុស្ស៉ី ថាខ្លួនបានបើកការស៊ើបអង្កេតមួយ៕