2024-11-27 15:54
14

រដ្ឋធានីប៉េកាំង៖ សហរដ្ឋអាមេរិក អូស្ដ្រាលី និង ចក្រភពអង់គ្លេស បានបង្កើតសន្ធិសញ្ញាសន្ដិសុខ AUKUS ដោយមានគោលបំណងជ្រោមជ្រែងដល់សេរីភាព និង បើកចំហដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្ដែឥឡូវចិន បានព្រមានដល់ប្រទេសនូវែលសេឡង់ដ៍ មិនឲ្យចូលរួមជាមួយនឹងអង្គការត្រីភាគីមួយនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោក វ៉ាង ស៊ាវឡុង (Wang Xiaolong) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសនូវែលសេឡង់ដ៍ បានបញ្ជាក់ ថា ប្រសិនបើនូវែលសេឡង់ដ៍ ចូលរួមក្នុងសម្ពន្ធភាពសន្តិសុខ AUKUS នោះ ប្រទេសនេះនឹងប្រឈមមុខជាមួយនឹងផលវិបាកអវិជ្ជមាន នៅក្នុងការទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសចិន ដោយមិនអាចចៀសផុតបានឡើយ។

លោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានផ្ដល់បទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនូវែលសេឡង់ដ៍ ហើយត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ថា ការសម្រេចចិត្ត នៅក្នុងការចូលរួមជាមួយសន្ធិសញ្ញាសន្ដិសុខ AUKUS  ចិន មានការរំពឹងទុក ថា ប្រទេសនូវែលសេឡង់ដ៍ នឹងគិតគូរអំពីផលប្រយោជន៍ដ៏ច្រើនបំផុតរបស់ខ្លួន សម្រាប់រយៈពេលវែង និង ផលប៉ះពាល់ដល់សន្តិសុខ នៅក្នុងតំបន់ ក៏ដូចជា ផលប៉ះពាល់ នៃទំនាក់ទំនងទ្វេភាគី រវាងចិន និង នូវែលសេឡង់ដ៍ ផងដែរ។

នូវែលសេឡង់ដ៍ ធ្លាប់លើកឡើង កាលពីពេលកន្លងមកនេះ ថា នូវែលសេឡង់ដ៍ កំពុងតែប្រមូលទិន្នន័យ ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយ AUKUS ។ ប៉ុន្តែឥឡូវ នូវែលសេឡង់ដ៍មិនទាន់បានប្តេជ្ញាណាមួយនៅឡើយ។ រីឯសេចក្តីថ្លែងការណ៍រួម រវាងអូស្រ្តាលី ចក្រភពអង់គ្លេស និងអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០២៤ ប្រទេសទាំង៣ បានអះអាង  ថា ពួកគេកំពុងតែប្រឹក្សាយោបល់ជាមួយនូវែលសេឡង់ដ៍ កាណាដា និង កូរ៉េខាងត្បូង ដើម្បីកំណត់លទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភទី២របស់ AUKUS

AUKUS ជាកិច្ចព្រមព្រៀងសន្តិសុខការពារជាតិ មាន២ដំណាក់កាល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។ សន្ធិសញ្ញាសន្ដិសុខត្រីភាគីនេះ មានគោលបំណង ទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ AUKUS នេះ កាលពីដំណាក់កាលទី១ មានគោលដៅផ្តល់ឱ្យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជួយដល់ប្រទេសអូស្ដ្រាលី ហើយសសរស្ដម្ភទី២ ផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រឿងសព្វាវុធទំនើបៗ និង ចែករំលែកបច្ចេកវិទ្យា ផ្សេងៗទៀត៕