2024-02-15 02:02
362

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរយៈពេល៧២៣ថ្ងៃកន្លងមកនេះ បានធ្វើឲ្យរុស្ស៊ី ខាតបង់គ្រឿងសព្វាវុធ មានតម្លៃរាប់សិបពាន់លានដុល្លារ ខណៈឥឡូវ អ៊ុយក្រែន បានបន្ដបាញ់ពន្លិចនាវាចម្បាំងដ៏ធំមួយគ្រឿងរបស់ប្រទេសមហាអំណាចមួយនេះ ចំទិវា នៃក្ដីស្រឡាញ់។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ទីភ្នាក់ងារចារកម្មយោធា និង កងកម្លាំងប្រដាប់អាវុធរបស់ក្រុងកៀវ បានអះអាង ថា កងទ័ពជើងទឹកអ៊ុយក្រែន បានប្រើប្រាស់ដ្រូនវាយប្រហារ ពន្លិចនាវាចម្បាំងដ៏ធំមួយគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ នៅតំបន់ឧបទ្វីបគ្រីមៀ កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ)។

បើទោះជាយ៉ាងណា រុស្ស៊ី នៅមិនទាន់បានឆ្លើយតប ចំពោះការអះអាងរបស់មន្រ្ដីក្រុងកៀវ ជុំវិញកងទ័ពអ៊ុយក្រែន បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៦គ្រឿង វាយប្រហារពន្លិចនាវារបស់ក្រុងមូស្គូ នៅសមុទ្រខ្មៅនោះឡើយ។ រីឯវិមានក្រឹមឡាំង ក៏បានបដិសេធធ្វើអត្ថាធិប្បាយ អំពីបញ្ហានេះ។។

ក្រុមមន្រ្ដីជាន់ខ្ពស់យោធាក្រុងកៀវ បានសរសេរ នៅតាមបណ្ដាញសង្គម Telegram ថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយនឹងអង្គភាពស៊ើបការណ៍របស់ក្រសួងការពារជាតិ បានបាញ់ពន្លិចនាវាចម្បាំងដ៏ធំមួគ្រឿងរបស់រុស្សី ឈ្មោះ Tsezar Kunikov ស្ថិតក្នុងដែនទឹករបស់អ៊ុយក្រែន នៅក្បែរទីក្រុង Alupka ដែលស្ថិតនៅមិនឆ្ងាយពីទីក្រុង Yalta នាភាគខាងត្បូងនៃឧបទ្វីបគ្រីមៀ (Crimea) ដែលកងកម្លាំងរុស្ស៊ី បានរឹបអូសយកពីអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៤។

ទីភ្នាក់ងារស៊ើបការណ៍យោធា GUR របស់អ៊ុយក្រែន បានអះអាង ថា នាវាចម្បាំងនោះ ហាក់ដូចជា ត្រូវបានលិចចូលទៅបាតសមុទ្រ ហើយថា នៅមុនពេលមានការវាយប្រហារនោះ វាបានចំណាយពេលប្រហែល១០ថ្ងៃ នៅឯកន្លែងមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ី នៅតំបន់នោះ។ អ៊ុយក្រែន បានផ្សាយឃ្លីបវីដេអូខ្លីៗ នៅតាម Telegram ដោយបានបង្ហាញអំពីយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់កងទ័ពជើងទឹកអ៊ុយក្រែន ជាច្រើនគ្រឿង ចូលទៅជិតនាវាដ៏ធំមួយរបស់រុស្ស៊ី នៅពេលយប់ ហើយក្រោមកក៏មានការបំផ្ទុះដ៏ធំមួយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់កប៉ាល់ នៅក្នុងវីដេអូនេះ ថា ជានាវាចម្បាំង Tsezar Kunikov របស់កងនាវារុស្សី ប្រចាំនៅសមុទ្រខ្មៅ ដោយផ្អែកលើបង្គោលមេ អង់តែន ស្ពាន និង នាវា។ ប៉ុន្ដែទីតាំង និង កាលបរិច្ឆេទដែលវីដេអូ ត្រូវបានថតមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះឡើយ៕