2024-05-13 15:55
307

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាម រវាងប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នៅតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ដោយបានបណ្ដាលឲ្យទាហានទាំងសងខាង រងគ្រោះថ្នាក់ យ៉ាងតិចជាង១០០០នាក់ ជារៀងរាល់ថ្ងៃ ប៉ុន្ដែឥឡូវ រដ្ឋាភិបាលក្រុងកៀវ បានព្រមាន អំពីស្ថានការណ៍ នៅលើសមរភូមិកាន់តែអាក្រក់ឡើង ស្របពេលមានការប្រកាស អំពីយន្ដហោះ F-16 ផលិតដោយសារសហរដ្ឋអាមេរិ នឹងទៅដល់ នៅក្នុងអំឡុងខែមិថុនា-កក្កដាខាងមុខនេះ។

សារព័ត៌មាន Asia News International  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានវាយដណ្ដើមកាន់កាប់ភូមិចំនួន៩ កាលពីពេលថ្មីៗនេះ អ៊ុយក្រែន បានព្រមានអំពីស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង នៅភាគខាងជើង តំបន់ខាគៀវ។

ក្រុងមូស្គូ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ថា កម្លាំងទាហានរុស្ស៊ី បានវាយដណ្ដើមកាន់កាប់ភូមិចំនួន៩ កាលពីចុងសប្ដាហ៍មុន។ ស្របគ្នានេះដែរ អ៊ុយក្រែន បានបញ្ជាក់ ថា ការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ហើយកងទ័ពរបស់ខ្លួន កំពុងតែវាយលុក។ ដោយឡែក ជនស៊ីវិល ចំនួន ៤ ៥០០នាក់ ត្រូវបានជម្លៀសចេញពីសមរភូមិទាំងនោះ។

បើតាមបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានរាយការណ៍ ថា កម្លាំងទាហានរុស្ស៊ី បានចាប់ផ្ដើមវាយប្រហារឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រ (ទី១១ ខែឧសភា) ដោយវាយលុកចូលទៅតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ចំនួន២មុខព្រួញ។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបិតីអ៊ុយក្រែន បានហៅសកម្មភាពយោធារបស់រុស្ស៊ី ជារលកវាយប្រហារថ្មី។

បើទោះជាកម្លាំងទាហានរុស្ស៊ី នៅតែមិនទាន់មានគោលដៅច្បាស់យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងមូស្គូ អាចនឹងព្យាយាមបង្កើតតំបន់ការពារមួយ ដើម្បីកាត់បន្ថយនូវការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទឹកដីរបស់រុស្ស៊ី ឬ ព្យាយាមបន្ថយ និងបង្វែរនូវការយកចិត្តទុកដាក់របស់កងកម្លាំងរបស់រដ្ឋាភិបាលក្រុងកៀវ ដែលបានលាតសន្ធឹងរួចហើយ។ ដោយឡែក លោក អូឡែកសាន់ដឺរ ស៊ីស្គី (Oleksandr Syrskyi) មេទ័ពអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ថា «ប្រតិបត្តិការការពារកំពុងតែបន្ត។ រីឯស្ថានការណ៍ នៅតំបន់ខាគីវ កាន់តែអាក្រក់ឡើង នៅសប្ដាហ៍នេះ។ ឥឡូវ កងទ័ពអ៊ុយក្រែន កំពុងតែបន្ដប្រយុទ្ធ»

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានស្លាប់ នៅលើសមរភូមិ ចំនួន ១២៦០នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មីនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់ទាហាន កើនឡើង ដល់ ២៨២ ២៩០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនទាហានរបស់ខ្លួនបាត់បង់នោះឡើយ៕