2024-02-18 01:02
356

(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ បន្ទាប់ពីរូបលោកត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នៅពេលវិលត្រឡប់ចូលស្រុកកាលពី៦ខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
    កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៊ីន បានប្រកាសជាផ្លូវការថា លោក ថាក់ស៊ីន នឹងត្រូវដោះលែងនាថ្ងៃអាទិត្យនេះ។ ហើយនៅព្រឹកថ្ងៃអាទិត្យនេះ លោក ថាក់ស៊ីន ត្រូវបានក្រុមអ្នកសារព័ត៌មាន ប្រទះឃើញអង្គុយក្នុងរថយន្ត១គ្រឿង ជាមួយកូនស្រីរបស់លោក ចាកចេញពីមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ជាទីដែលលោកអតីតនាយករដ្ឋមន្រ្តីថៃ បានចំណាយពេលស្ថិតនៅកន្លះឆ្នាំ។ ប៉ុន្មាននាទីក្រោយ លោក ថាក់ស៊ីន ក៏បានទៅដល់ផ្ទះគ្រួសាររបស់លោក ក្នុងរាជធានីប្រទេសថៃ។
   គួរបញ្ជាក់ថា លោក Thaksin ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន នៅបរទេសអស់១៥ឆ្នាំ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ ប៉ុន្តែទោសនេះ ត្រូវបានព្រះមហាក្សត្រថៃ បន្ធូរបន្ថយមកនៅត្រឹម១ឆ្នាំ។ ម៉្យាងវិញទៀត លោក ថាក់ស៉ីន មិនបានស្ថិតក្នុងពន្ធនាគារនោះឡើយ អំលុងពេល៦ខែមកនេះ ដោយលោកបានស្នាក់នៅក្នុងមន្ទីរពេទ្យមួយ របស់ប៉ូលិសរហូតមក ដោយសារបញ្ហា  សុខភាព៕