2024-03-23 11:03
275

ទីក្រុងប៊្រុចសែលស៍៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ត្រូវបានក្រុមមន្រ្ដីជំនាញលោកខាងលិច អង្គការសហប្រជាជាតិ និង ធនាគារពិភពលោក បានប៉ាន់ប្រមាណ អំពីទំហំខូចខាតនៅក្នុងប្រទេសអ៊ុយក្រែន មានទំហំទឹកប្រាក់ប្រហែល៥០០ពាន់លានដុល្លារ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ប៉ុន្ដែឥឡូវ មេដឹកនាំសហភាពអឺរ៉ុប កំពុងតែរៀបចំគម្រោង ដើម្បីប្រើប្រាស់ទ្រព្យសម្បត្ដិរុស្ស៊ី នៅក្រៅប្រទេសដែលពួកគេបង្កកទុក យកមកជួយដល់ប្រទេសខ្ទេចខ្ទះ ដោយសារជម្លោះនេះ។
    បណ្ដាញទូរទស្សន៍ France 24 បានផ្សាយ កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ថា មេដឹនាំសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) បានព្រមព្រៀងគ្នា ដំណើរការឆ្ពោះទៅមុខ លើផែនការប្រើប្រាស់ប្រាក់ចំណេញ ពីទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ី ដែលបានបង្កក សម្រាប់ផ្តល់ជាអាវុធជួយដល់អ៊ុយក្រែន ចំពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែស្វះស្វែងរកគ្រាប់រំសេវបន្ថែមទៀត សម្រាប់កងទ័ពការពារទឹកដីរបស់ខ្លួន ដែលកំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធ។
    រហូតមកដល់ពេលនេះ សង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានអូសបន្លាយ អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ។ ប៉ុន្ដែកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែតស៊ូបណ្ដេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ខណៈការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់លោកខាងលិច បានថយចុះ។
   ជាមួយគ្នានេះ  លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានរឹតបន្តឹងការក្តាប់ដែករបស់គាត់ទៅលើប្រទេសរុស្ស៊ី តាមរយៈការឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីក្រុមប្រឆាំង ត្រូវបានកម្ទេចអស់។
   ដោយឡែក សំណើជាចំណុចស្នូល នៃកិច្ចពិភាក្សា រវាងមេដឹកនាំសហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល អាចផ្ដល់ប្រាក់ចំនួន៣ពាន់លានអឺរ៉ូ ឬស្មើនឹង៣,៣ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេលមួយឆ្នាំ សម្រាប់ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដែលជាការផ្តល់ភ្លើងខៀវចុងក្រោយ។
   លោកស្រី អ៊ុយស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «ខ្ញុំរីករាយណាស់ ព្រោះមេដឹកនាំអឺរ៉ុប បានអនុម័តតាមសំណើរបស់យើង ចំពោះការប្រើប្រាស់ប្រាក់ចំណូលវិសាមញ្ញ ពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលបានបង្កក។ ប្រាក់ទាំងនេះ នឹងផ្តល់ជាមូលនិធិ សម្រាប់ទិញសម្ភារៈយោធាជួយដល់អ៊ុយក្រែន»។
    សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្ដិរបស់ធនាគារកណ្ដាលរបស់រុស្ស៊ី ប្រហែល២០០ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹងជាង២០០ពាន់លានដុល្លារអាមេរិក នៅក្នុងប្លុកនេះ។ ការបង្កកទ្រព្យសម្បត្ដិរបស់ធនាគារកណ្ដាលរបស់រុស្ស៊ី គឺជាផ្នែកមួយ នៃទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ បញ្ជូនកម្លាំងទាហានរបស់ខ្លួន ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។
    បច្ចុប្បន្ន សហភាពអឺរ៉ុប បាន និង កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកថវិកាបន្ថែមទិញគ្រឿងសព្វាវុធជួយដល់ប្រទេសអ៊ុយក្រែន ស្របពេលជំនួយយោធាបន្ថែមរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់៦០ពាន់លានដុល្លារ កំពុងតែជាប់គាំង នៅក្នុងសភារបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ៕