2024-06-25 03:06
226

រដ្ឋធានីមូស្គូ៖ ក្រោយពេលមានភ្លើងខៀវ ពីមហាអំណាចលោកខាងលិច នៅក្នុងការប្រើប្រាស់ជំនួយយោធារបស់ខ្លួននោះមក អ៊ុយក្រែន បានបង្កើននូវការវាយប្រហារចូលទៅលើទឹកដីរបស់រុស្ស៊ី និង ឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ រឹបអូសយក ដោយមិនមានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤ ហើយសកម្មភាពរបស់ក្រុងកៀវ កំពុងតែបញ្ឆេះកំហឹងរបស់លោកប្រធានាធិបតី ពូទីន កាន់តែខ្លាំង គំរាមដល់សហរដ្ឋអាមេរិក អំពីការវាយប្រហារសងសឹក ក្រោយពេលក្រុងវ៉ាស៊ីនតោន បានផ្គត់ផ្គង់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ATACM ទៅដល់អ៊ុយក្រែន។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ថា វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិក អំពីការសម្លាប់ដល់កុមាររុស្ស៊ី ក្រោមការវាយប្រហាររបស់អ៊ុយក្រែន ទៅលើឧបទ្វីបគ្រីមៀ គ្រប់គ្រងដោយក្រុងមូស្គូ ជាមួយនឹងមីស៊ីលបាញ់ចម្ងាយឆ្ងាយ ប្រភេទ ATACMS ផ្គត់ផ្គង់ដោយក្រុងវ៉ាស៊ីនតោន។

រដ្ឋាភិបាលក្រុងមូស្គូ បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីព្រមានជាផ្លូវការ ក្រោយពេលអ៊ុយក្រែន បានវាយប្រហារទៅលើឧបទ្វីបគ្រីមៀ។ ស្របគ្នានេះដែរ លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានស្ដីបន្ទោសយ៉ាងខ្លាំងជាសាធារណៈទៅលើសហរដ្ឋអាមេរិក ដោយចាត់ទុកការវាយប្រហារនេះជាអំពើព្រៃផ្សៃបំផុត។

អ្នកនាំពាក្យ វិមានក្រឹមឡាំងរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា អ្នកគួរតែសួរទៅសហការីរបស់ខ្ញុំ នៅអឺរ៉ុប ហើយសំខាន់ជាងនេះទៅទៀត នៅក្រុងវ៉ាស៊ីនតោន ហេតុអ្វីបានជារដ្ឋាភិបាលរបស់ពួកគេ សម្លាប់កុមាររុស្ស៊ី។ ការវាយប្រហារទៅលើក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) នៅឧបទ្វីបគ្រីមៀ បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ រួមទាំងកុមារចំនួន២នាក់ផងដែរ។ 
រុស្ស៊ី បានបន្ទោសដល់សហរដ្ឋអាមេរិក ហើយថា ការវាយប្រហារនេះ ក៏មានមនុស្សចំនួន១៥០នាក់ បានរងរបួស។ វីដេអូ បានបង្ហាញពីអ្នកធ្វើដំណើរនៅតាមឆ្នេរ ភ័យស្លន់ស្លោរត់ ចេញពីគ្រាប់ផ្លោង បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលទាំងនោះ៕