រដ្ឋធានីសាណា (Sana'a)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅក្នុងប្រទេសយេមែន បានបង្កើនការវាយប្រហារទៅលើផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់បំផុត រវាងអាស៊ី និង អឺរ៉ុប ដើម្បីបង្ហាញនូវការគាំទ្ររបស់ពួកគេ ជួយដល់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ហើយឥឡូវនេះ ក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ មួយនេះ កំពុងតែបន្ដគំរាមកំហែង អំពីការវាយប្រហារបន្ថែមទៀត ទៅលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មនានារបស់ចក្រភពអង់គ្លេស នៅសមុទ្រក្រហម។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេមែន កាលពីថ្ងៃអាទិត្យ បានប្ដេជ្ញាបន្ដវាយប្រហារទៅលើនាវានានារបស់ចក្រភពអង់គ្លេស នៅក្នុងឈូងសមុទ្រអាដែន (Aden) ក្រោយពេលពួកគេ បានបាញ់ពន្លិចកប៉ាល់ Rubymar (រូប៊ីម៉ា) របស់ប្រទេសមហាអំណាចអឺរ៉ុបមួយនេះ។
កងទ័ពសហរដ្ឋអាមេរិក បានអះអាង កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ថា កប៉ាល់ Rubymar របស់ចក្រភពអង់គ្លេស ត្រូវបានបាញ់ពន្លិច ដោយមីស៊ីលបាល្លិស្ទីកប្រឆាំងនឹងនាវារបស់ពួកឧទ្ទាមហ៊ូទី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ហ៊ូសសេន អាល់អេសហ្ស៊ី (Hussein al-Ezzi) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស នៃរដ្ឋាភិបាល គ្រប់គ្រង ដោយក្រុមឧទ្ទាមហ៊ូទី បានបញ្ជាក់ នៅលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ Twitter ថា «យេមែន នឹងបន្ដបាញ់ពន្លិចនាវារបស់អង់គ្លេស បន្ថែមទៀត ហើយផលប៉ះពាល់ ឬ ការខូចខាតផ្សេងៗទៀត នឹងត្រូវរាប់បញ្ចូល សម្រាប់ការទូទាត់ជាមួយនឹងចក្រភពអង់គ្លេស»។
ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន បានបង្កើនសកម្មភាពវាយប្រហារទៅលើកប៉ាល់នានា ឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់ រវាងតំបន់អាស៊ី និង អឺរ៉ុប ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា។ ក្រុមឧទ្ទាមគាំទ្រ ដោយអ៊ីរ៉ង់ មួយនេះ បានបង្ហាញអំពីការគាំទ្ររបស់ខ្លួន ជួយដល់ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ដែលកំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងអ៊ីស្រាអែល។
ជម្លោះចុងក្រោយ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន បានផ្ទុះឡើង ចាប់តាំងពីក្រុមជីវពលមួយនេះ បានឆ្មក់វាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ប្រហែល ១ ២០០នាក់ ហើយភាគច្រើនបំផុតជាជនស៊ីវិល និង ជនរងគ្រោះ ចំនួន២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ នេះបើតាមការអះអាងរបស់អាជ្ញាធរអ៊ីស្រាអែល។
ដោយឡែក ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស់ វិញ បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល បានឆក់យកជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា ជាង ៣០ ៤០០នាក់ ហើយចំនួន៧០ភាគរយ នៃជនរងគ្រោះទាំងនោះ ជាស្រ្ដី និង កុមារ ខណៈមនុស្សជាង ៧១ ៧០០នាក់ផ្សេងទៀត រងរបួស៕