2024-02-19 01:02
348

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីអ៊ុយក្រែនរបស់លោកថាទីក្រុង         ប៉េកាំងមិនបានលក់អាវុធសម្លាប់ជីវិតមនុស្សឱ្យរុស្ស៉ី សម្រាប់ប្រើនៅក្នុងសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែននោះទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក វ៉ាង យី Wang Yi បានប្រាប់លោកឌីមីត្រូ កូឡេបា ( Dmytro Kuleba) អំឡុងជំនួបមួយ នៃឱកាសដែលប្រមុខការទូតទាំង២ ចូលរួមសន្នីសីទសន្តិសុខទីក្រុងមុយនិក ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ទៅ ថាចិនមិនបាន ឬក៏កំពុងទាញយក ផលប្រយោជន៍ពីសង្រ្គាមអ៊ុយក្រែនឡើយ ហើយក៏មិនបានលក់អាវុធសម្លាប់ជីវិតមនុស្សទៅកាន់តំបន់ជម្លោះ ឬទៅភាគីជម្លោះនោះដែរ។

សេចក្ដីថ្លែងការណ៍នេះដដែលបានបន្ថែមទៀតថា មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ក៏ចិននៅតែសង្ឃឹមថាទំនាក់ទំនងរវាងចិន និងអ៊ុយក្រែននឹងអភិវឌ្ឍ ឆ្ពោះទៅមុខជាធម្មតា ហើយបន្តផ្ដល់ផលចំណេញដល់ប្រជាជននៃប្រទេសទាំង២។ «ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណអ៊ុយក្រែនដែលបានជួយជម្លៀសពលរដ្ឋចិនទៅរកកន្លែង មានសុវត្ថិភាព ហើយប្រជាជនចិននឹងមិនភ្លេចរឿងមួយនេះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Wang Yi។គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ចិនបានអះអាងថាខ្លួនគឺជាប្រទេសអព្យាក្រឹត តែលោកខាងលិចបានរិះគន់គោលជំហររបស់ចិន ដោយសារតែបានបដិសេធថ្កោលទោសទីក្រុងមូស្គូ។ លោកខាងលិច តួយ៉ាងដូចជាសហរដ្ឋអាមេរិកក៏ធ្លាប់បានចោទប្រកាន់ចិនដែរថាកំពុងពិចារណាផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី តែទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ៕