2024-09-09 14:24
139

រដ្ឋធានីប៊ូចារ៉ែស្ដ(Bucharest)៖ សមាជិកចំនួន២ប្រទេសរបស់អង្គការណាតូ បានអះអាង កាលពីថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា ឆ្នាំ២០២៤) ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រុស្ស៊ី បានហោះរំលោភចូលមកក្នុងដែនអាកាសរបស់ពួកគេ ដូចអ្វីដែលបានគេរាយការណ៍ ថា ដ្រូនទាំងនោះ បានហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសរ៉ូម៉ានី នៅអំឡុងការវាយប្រហារ នាពេលយប់ ទៅលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន ខណៈដ្រូនមួយគ្រឿងផ្សេងទៀត បានធ្លាក់នៅភាគខាងកើតប្រទេសឡាតវី កាលពីថ្ងៃមុន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែកញ្ញា។

ក្រសួងការពារជាតិរ៉ូម៉ានី បានរាយការណ៍ ថា ដ្រូនមួយគ្រឿង បានហោះចូលមកក្នុងដែនអាកាសរបស់រ៉ូម៉ានី កាលពីព្រឹក ថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានវាយប្រហារទៅលើគោលដៅនានានរបស់ជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅពាសពេញទន្លេដានូបេ (Danube) ដែលជាទន្លេដ៏វែងបំផុតរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន។ ជាមួយនឹងស្ថានការណ៍បែបនេះ រដ្ឋាភិបាលទីក្រុងប៊ូចារ៉ែស្ដ បានដាក់ពង្រាយយន្ដហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿង ដើម្បីតាមដាន និង ពិនិត្យមើល នៅលើដែនអាកាសរបស់ខ្លួន និង បញ្ចេញនូវការប្រកាសអាសន្នដល់អ្នកស្រុក នៅក្នុងតំបន់ចំនួន២ នាភាគខាងកើតរបស់ប្រទេសរ៉ូម៉ានី។

ក្រសួងការពារជាតិរ៉ូម៉ានី ក៏បានបញ្ជាក់ ថា ការស៊ើបអង្កេត កំពុងតែបន្ដ នៅតំបន់រងផលប៉ះពាល់ខ្លាំង នៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅតាមបណ្តោយព្រំដែន រវាងប្រទេសរ៉ូម៉ានី-អ៊ុយក្រែន។ បើទោះជាយ៉ាង ប្រទេសរ៉ូម៉ានី នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីការគ្រោះថ្នាក់ដល់មនុស្ស។

ស្របគ្នានេះដែរ លោក អានឌ្រីស ស្ព្រូដស៍ (Andris Sprūds) រដ្ឋមន្រ្ដីក្រសួងការពារជាតិឡាតវី បានបញ្ជាក់ កាលពីល្ងាច ថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) ថា ដ្រូនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ នៅជិតទីក្រុងរ៉េសេកណេ (Rezekne) នៅមុននេះមួយថ្ងៃ។ ដ្រូននោះ ទំនងជាហោះចេញមកពីបេឡារុស ដែលជាប្រទេសជិតខាងរបស់ខ្លួន ចូលមកក្នុងដែនអាកាសរបស់ប្រទេសឡាតវី៕