2024-05-30 15:13
264

ទីក្រុងតៃប៉ិ៖ ស្របពេលប្រមុខការពារជាតិសហរដ្ឋអាមេរិក-ចិន ជួបគ្នាដ៏កម្រ នៅក្នុងប្រទេសសិង្ហបុរី នោះ តំណាងរាស្រ្ដសហរដ្ឋអាមេរិក បានទៅជួបប្រធានាធិបតីតៃវ៉ាន់ ហើយពួកគេបានប្ដេជ្ញាធ្វើការជាមួយគ្នា ប្រឆាំងនឹងការពង្រីកអំណាចផ្ដាច់ការ។

 សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ បានប្រាប់ដល់ក្រុមសមាជិកសភាសហរដ្ឋអាមេរិក ដែលកំពុងតែបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី២៩ ខែឧសភា) ថា តៃវ៉ាន់ នឹងធ្វើការជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខជាមួយនឹងការពង្រីកអំណាចផ្ដាច់ការ។ ជំនួប រវាងមេដឹកនាំតៃវ៉ាន់ និង សមាជិកសភាអាមេរិក បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលកងទ័ពចិន បានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធដែនកោះ គ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ។

 ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ជាជនក្បត់ជាតិ និង ជាអ្នកបំផ្លាញដល់សន្ដិភាព និង ស្ថិរភាព ក្រោយពេលលោកប្រធានាធិបតី ឡៃ បានប្ដេជ្ញាការពារប្រជាធិបតេយ្យ និង អធិបតេយ្យភាពរបស់តៃវ៉ាន់។ រយៈពេល៣ថ្ងៃ ក្រោយពេលលោកប្រធានាធិបតី ឡៃ បានស្បថចូលកាន់តំណែងនោះមក នាវាចម្បាំង និង យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ចិន បានធ្វើសកម្មភាពឡោមព័ទ្ធកោះតៃវ៉ាន់ តាមអ្វីដែលក្រុងប៉េកាំង បានអះអាង ថា នេះជាការដាក់ទណ្ឌកម្ម ទៅលើការសារភាពអំពីឯករាជភាពរបស់តៃវ៉ាន់ ហើយនេះក៏ជាការសាកល្បងសមត្ថភាពរបស់កងទ័ពចិន នៅក្នុងការដណ្តើមកាន់កាប់ដែនកោះមួយនេះផងដែរ។

 ជាមួយនឹងភាពតានតឹងកាន់តែខ្លាំង នៅច្រកសមុទ្រតៃវ៉ាន់ នោះ ប្រមុខការពារជាតិសហរដ្ឋអាមេរិក និង ចិន គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រមួយ នៅក្នុងប្រទេសសិង្ហបុរី នាចុងសប្តាហ៍នេះ ដោយផ្តល់ក្តីសង្ឃឹម ចំពោះការសន្ទនាផ្នែកយោធាបន្ថែមទៀត នៅក្នុងគោលបំណងបញ្ចៀសជម្លោះ រហូតមិនអាចគ្រប់គ្រងបាន។ កិច្ចប្រជុំដែលរំពឹងទុក រវាងលោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពាជាតិសហរដ្ឋអាមេរិក និង សមភាគីចិន លោក ដុង ជុន (Dong Jun) នៅឯកិច្ចសន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូង រវាងប្រមុខការពារជាតិ នៃប្រទេសមហាអំណាចកំពូលទាំង២នេះ ក្នុងរយៈពេល១៨ខែកន្លងមកនេះ៕