2024-06-26 02:06
232

រដ្ឋធានីវ៉ាស៊ីនតោន៖ បើទោះជាភាពតានតឹងកំពុងតែកើនឡើង នៅក្នុងជម្លោះភូមិសាស្រ្ដនយោបាយ រវាងសហរដ្ឋអាមេរិក និង មហាយក្សចិន យ៉ាងណាក៏ដោយ ក៏ប្រទេសវៀតណាម នៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក ខណៈកាលពីពេលថ្មីៗនេះ មេដឹកនាំប្រទេសកុម្មុយនិស្ដរបស់អាស៊ានមួយនេះ បានទទួលស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មកកាន់រដ្ឋធានីហាណូយ ហើយសកម្មភាពបែបនេះ បានធ្វើឲ្យក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្ដែឥឡូវ សហរដ្ឋអាមេរិកអាមេរិក កំពុងតែស្វាគមន៍ដល់ផែនការដ៏សំខាន់របស់វៀតណាម។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បានស្វាគមន៍ ចំពោះរដ្ឋមន្រ្ដីក្រសួងផែនការ និង វិនិយោគវៀតណាម សម្រាប់កិច្ចពិភាក្សា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ ក្រុងវ៉ាស៊ីនតោន បានចាត់ទុកទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង វៀតណាម មានភាពរឹងមាំជាងពេលណាៗទាំងអស់ បន្ទាប់រដ្ឋាភិបាលក្រុងហាណូយ បានធ្វើឱ្យក្រុងវ៉ាស៊ីនតោន ខកចិត្តយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កិច្ចចរចា នាសប្ដាហ៍នេះ នឹងផ្ដោតទៅលើរបៀបវារៈជាច្រើន រួមមាន៖ សន្ដិសុខសេដ្ឋកិច្ច, បន្ទះឈីប, បរិយាកាសវិនិយោគ, សេដ្ឋកិច្ចឌីជីថល, សន្ដិសុខអ៊ិនធើរណេត, ថាមពល និង ធនធានរ៉ែដ៏សំខាន់ផ្សេងៗទៀត។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ២០២៣ បានបង្កើនទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង វៀតណាម ក្លាយជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។ ប៉ុន្ដែដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មកកាន់ប្រទេសវៀតណាម កាលពីសប្ដាហ៍មុន បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ហេតុផល ថា សហរដ្ឋអាមេរិក នឹងបន្តផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងក្រុងហាណូយ ព្រោះតែសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងគូប្រជែងដ៏ខ្លាំងក្លា ជាមួយនឹងប្រទេសមហាយក្សចិន។
សហរដ្ឋអាមេរិក នឹងសម្រេចចិត្ត នៅត្រឹមថ្ងៃទី២៦ ខែកក្កដា ថាតើត្រូវលើកប្រទេសវៀតណាម ឱ្យឡើងឋានៈទីផ្សារសេដ្ឋកិច្ច ដែលនឹងកាត់បន្ថយពន្ធ ប្រឆាំងនឹងការបង្កាច់បង្ខូចតម្លៃ ដែលបានកំណត់លើការនាំចូលរបស់វៀតណាម ដោយសារស្ថានភាពបច្ចុប្បន្នរបស់ប្រទេសអាស៊ានមួយនេះ  មានសេដ្ឋកិច្ចនៅមិនទាន់ក្លាយជាទីផ្សារ ដែលត្រូវបានទទួលស្គាល់ ថាជាប្រទេសមានឥទ្ធិពលខ្លាំងនៅឡើយ។

លោក ចូស ហ្វ័រណង់ដែស (Jose Fernandez) អនុរដ្ឋមន្រ្ដី ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និង បរិស្ថានរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ទំនាក់ទំនង រវាងវៀតណាម និង សហរដ្ឋអាមេរិក យើងជឿ ថា ខ្លាំងជាងពេលណាៗទាំងអស់។ ឥឡូវ ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង វៀតណាម កើនឡើងដល់ ១២៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យប្រទេសវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី៩របស់សហរដ្ឋអាមេរិក។

លោកអនុរដ្ឋមន្រ្ដី ធ្លាប់បញ្ជាក់ កាលពីខែមករា នៅក្នុងប្រទេសវៀតណាម ថា ក្រុមហ៊ុនអាមេរិក ចំនួន១៥ រួមមាន៖ ក្រុមហ៊ុនផលិតបន្ទះឈីប ជាដើម មានការចាប់អារម្មណ៍ នៅក្នុងការបោះទុន រហូតដល់៨ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ដោយផ្អែកលើច្បាប់របស់ប្រទេស ជុំវិញថាមពលកកើតឡើងវិញ៕