2024-03-22 05:03
324

រដ្ឋធានីកៀវ៖  រហូតមកដល់ពេលនេះ កងទ័ពអាកាសរបស់អ៊ុយក្រែន ប្រហែល២០នាក់ បានបញ្ចប់នូវការហ្វឹកហ្វឺនបើកបរយន្ដហោះស៊េរីចាស់ F-16 ហើយបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ខណៈយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ស៊េរីនេះ ចំនួន៦គ្រឿង នឹងទៅដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅរដូវក្ដៅ ដើម្បីប្រឈមមុខ នៅលើ សមរភូមិដែនអាកាស តទល់ជាមួយនឹងយន្ដហោះស៊េរីទំនើបរបស់រុស្ស៊ី ប្រភេទ Su-35 

 សារព័ត៌មាន Popular Mechanics បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ថា ស្របពេលយន្ដហោះចម្បាំង F-16 បើកបរដោយកងទ័ពអាកាសអ៊ុយក្រែន កំពុងតែរៀបចំវាយប្រហារទប់ទល់នឹងយន្ដហោះចម្បាំងស៊េរីទំនើបរបស់រុស្ស៊ី Su-35 នោះ បញ្ហានេះ នឹងក្លាយជាការប៉ះទង្គិចគ្នាមួយ រវាងយន្ដហោះចម្បាំងរបស់លោកខាងលិច និង យន្ដហោះចម្បាំងរបស់ក្រុងមូស្គូ។

 នៅលើដែនអាកាសរបស់អ៊ុយក្រែន នឹងក្លាយជាការវាយប្រយុទ្ធគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រវាងយន្តហោះចម្បាំងដ៏ចំណាស់របស់លោកខាងលិច ប៉ុន្តែយន្ដហោះស៊េរីនេះ នៅតែខ្លាំងក្លាបំផុតដដែល។ យន្ដហោះ F-16 នឹងចូលទៅលើសមរភូមិដែនអាកាសរបស់អ៊ុយក្រែន ទល់នឹងយន្ដហោះស៊េរីទំនើបបំផុតរបស់រុស្ស៊ី Sukhoi Su-35 នៅពេលខាងមុខ។ នេះជាការប៉ះទង្គិចគ្នាដ៏ធំបំផុតមួយ រវាងយន្ដហោះចម្បាំងរបស់ប្រទេសមហាអំណាចលោកខាងលិចនិង រុស្ស៊ី។

 នេះជាសមរភូមិ រវាងយន្ដហោះស៊េរីច្បាស់ និងយន្ដហោះចម្បាំងថ្មី។ យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែន នឹងទទួលបាន នាពេលខាងមុខនេះ ត្រូវបានរចនាឡើងឡើង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយត្រូវបានកែលម្អឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ បើទោះជាយ៉ាងណាក៏ដោយ ដោយអស់សង្ឃឹម នៅក្នុងការជំនួសកងយន្ដហោះចម្បាំង Su-27 និង MiG-29 បន្សល់ទុកតាំងពីសម័យសូវៀត កំពុងតែធ្លាក់ចុះ ខណៈអ៊ុយក្រែន នឹងរីករាយនៅក្នុងការទទួលបានយន្តហោះ F-16 ចំនួន៤៥គ្រឿង ឬ ច្រើនជាងនេះ មកពីបែលហ្ស៊ិក ដាណឺម៉ាក ហូល្លង់ដ៍ និងន័រវ៉ែស។ បច្ចប្បន្ន អ្នកបើកយន្តហោះចម្បាំងរបស់អ៊ុយក្រែន កំពុងតែត្រូវបានបណ្តុះបណ្តាល នៅសហរដ្ឋអាមេរិក និង ប្រទេសផ្សេងៗទៀត ហើយយន្តហោះ F-16 ដំបូងបង្អស់របស់អ៊ុយក្រែន នឹងអាចហោះហើរបាន នៅរដូវក្តៅខាងមុខនេះ៕