2024-03-01 01:03
305

រដ្ឋធានីមូស្គូ៖ ក្រោយពេលប្រធានាធិបតីបារាំង បានព្រមានដល់បណ្ដាមេដឹកនាំអឺរ៉ុប អំពីលទ្ធភាពរបស់រដ្ឋាភិបាលក្រុងមូស្គូ លើកទ័ពវាយលុកទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» ឬ អូតង់ និង លទ្ធភាពមិនអាចបដិសេធ នៅក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីសន្ដិសុខរួមរបស់អឺរ៉ុប នោះមក មេដឹកនាំវិមានក្រឹមឡាំង លោក វ៉ា្លឌីមៀ ពូទីន ក៏បានគំរាមតបត អំពីសង្គ្រាមអាវុធមហាប្រល័យលោក រវាងអង្គការសម្ពន្ធមិត្តយោធរបស់លោកខាងលិចមួយនេះ និង រុស្ស៊ី។

បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក CNN បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច អំពីហានិភ័យ ចំពោះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើពួកគេ បញ្ជូនកងទ័ពរបស់ខ្លួន ចូលរួមប្រយុទ្ធប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការគំរាមកំហែងនោះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ថែមទាំងបានអួតអាង ថា ក្រុងមូស្គូ មានគ្រឿងសព្វាវុធជាច្រើន សម្រាប់វាយប្រហារទៅលើគោលដៅនានារបស់លោកខាងលិច។

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ នៅក្នុងការថ្លែងទៅកាន់ប្រជាជាតិ ប្រចាំឆ្នាំរបស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤) ថា រុស្ស៊ី មានបំណងវាយប្រហារទៅលើអឺរ៉ុប គឺ«មិនសមហេតុសមផល»នោះទេ ប៉ុន្តែគាត់បានព្រមាន ថា ប្រទេសរបស់គាត់ អាចនឹងវាយប្រហារទៅលើបណ្ដាប្រទេសលោកខាងលិច ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានថ្លែងទៅកាន់សមាជិកសភារុស្ស៊ី ថា បណ្ដាមេដឹកនាំបស្ចិមលោក មិនយល់ ថា អន្តរាគមន៍យោធារបស់ពួកគេ អាចនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួន សម្រាប់ការប៉ុនណាមួយ ជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី។

ការគំរាមកំហែងរបស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានព្រមានដល់មេដឹកនាំលោកខាងលិច ជាពិសេស តំបន់អឺរ៉ុប កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤) អំពីរុស្ស៊ី អាចនឹងវាយប្រហារទៅលើបណ្ដាប្រទេសនានាជាសមាជិករបស់អង្គការណាតូ និង លទ្ធភាពមិនអាចបដិសេធ ចំពោះការបញ្ជូនកងទ័ពរបស់ពួកគេ ទៅកាន់ប្រទេសអ៊ុយក្រែន។

ដោយឡែក សហតដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង បណ្ដាប្រទេសលោកខាងលិចផ្សេងទៀត បានឆ្លើយតបភ្លាមៗ ចំពោះការលើកឡើងរបស់លោកប្រធានាធិបតីបារាំង ដោយអះអាង ថា ពួកគេ មិនមានផែនការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ។

ការព្រមានរបស់លោកប្រធានាធិបតី ពូទីន អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក នាពេលនេះ មិនមែនជាអ្វីថ្មី ហើយក៏មិនមែនជាលើកទី១នោះដែរ។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ធ្លាប់ព្រមានជាញឹកញាប់ អំពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ទៅលើប្រទេសណាមួយ ចូលរួមពាក់ព័ន្ធនឹងសង្គ្រាម នៅអ៊ុយក្រែន តាមអ្វីដែលគាត់បានហៅជា«ប្រតិបត្ដិការយោធាពិសេស» ក្រោយពេលគាត់បានបញ្ជាដល់កម្លាំងទាហានរបស់សគាត់ បើកទ្វារព្រំដែន ចូលលុកលុយដល់ប្រទេសជិតខាង ធ្លាប់រួមរស់ជាមួយគ្នា ក្រោមឆត្រសហភាពសូវៀត។

សង្រ្គាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និង លោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីល នៅក្នុងប្រទេសគុយបា នាឆ្នាំ១៩៦២រហូតមក។ លោកប្រធានាធិបតី ពូទីន កាលពីពេលមុន ក៏ធ្លាប់ព្រមាន អំពីគ្រោះថ្នាក់ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ រវាងកងទ័ពរបស់អង្គការណាតូ និង រុស្ស៊ី ផងដែរ៕