បុរីញូវយ៉ក៖ ស្របពេលសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ កំពុងតែបន្ដឆក់យកអាយុជីវិតមនុស្ស អស់រាប់ម៉ឺននាក់ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរបំផុត នៅតំបន់ហ្កាហ្សា នោះ ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ បានជំរុញឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយ នៅក្នុងតំបន់ហ៊ុមព័ទ្ធជិតមួយនេះ ប៉ុន្ដែសហរដ្ឋអាមេរិក បានជំទាស់នឹងដំណោះស្រាយនេះ ក្រោមហេតុផល ថា ដំណោះស្រាយមួយនេះ មិនបានថ្កោលទោសដល់ក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានអនុម័តលើដំណោះស្រាយមួយ ដែលកំពុងតែទាមទារឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ រវាងអ៊ីស្រាអែល និង ក្រុមជីវពលហាម៉ាស់ (Hamas) របស់ប៉ាឡេស្ទីន ក្រោយពេលសហរដ្ឋអាមេរិក ជំទាស់នឹងការបោះឆ្នោត លើសេចក្ដីសម្រេចនេះ ដែលកំពុងតែបង្កជម្លោះជាមួយនឹងអ៊ីស្រាអែល ដែលជាសម្ពន្ធមិត្តរបស់ខ្លួន។
ប្រទេសចំនួន១៤ប្រទេសជាសមាជិករបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នៅក្នុងចំណោម១៥ បានបោះឆ្នោតអនុម័តលើដំណោះស្រាយនេះ ដែលបានស្នើឡើង ដោយសមាជិកជាប់ឆ្នោតទាំង១០ នៃស្ថាប័នកំពូលមួយនេះ ដោយបានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ។ នៅក្នុងចំណោមសមាជិកទាំងនេះ មានការទះដៃអបអរសាទរ បន្ទាប់ពីការបោះឆ្នោតរួច។
លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបង្ហោះ នៅលើបណ្ដាញសង្គម ថា «ដំណោះស្រាយនេះត្រូវតែអនុវត្ដ។ ការខកខាន មិនអាចអត់ឱនឲ្យបាន»។
ដោយឡែក លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ ថា «ការខកខានបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិក ចំពោះដំណោះស្រាយនេះ គឺជាការដកថយទាំងស្រុងពីតួនាទីមុនរបស់ខ្លួន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់អ៊ីស្រាអែល និង ជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំង ជាង១៣០នាក់ ដែលនៅតែស្ថិតក្រោមកណ្ដាប់ដៃរបស់ក្រុមហាម៉ាស់»។
លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យសេតវិមាន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «យើងមិនបានបោះឆ្នោតនោះទេ ហើយយើងនិយាយជាដដែលៗ ថា មិនផ្លាស់ប្ដូរគោលនយោបាយរបស់យើងនោះឡើយ។ វាមិនមានអ្វីធ្វើឲ្យប្រែប្រួលដល់គោលនយោបាយរបស់យើងនោះដែរ»។
ក្រោយការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ នោះ លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានលុបចោលដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីក្រុងវ៉ាស៊ីនតោន ស្របពេលគណៈប្រតិភូជាន់ខ្ពស់ គ្រោងនឹងពិភាក្សាគ្នា អំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានគ្រោងទុក នៅក្នុងទីក្រុងរ៉ាហ្វះ (Rafah) នាភាគខាងត្បូង នៃតំបន់ហ្កាហ្សា (Gaza) ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ប្រហែល១,៥លាននាក់ បានស្វែងរកទីជម្រក។
សង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើង ក្រោយពេលក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន បានឆ្មក់វាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានឆក់យកជីវិតមនុស្ស ប្រហែល ១ ២០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន២៤០នាក់។ ជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់ អស់រយៈពេលជាច្រើនខែកន្លងមកនេះ បានស្លាប់អ្នករស់នៅតំបន់ហ្កាហ្សា កើនឡើង ដល់ជាង៣២ ០០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនេះ ភាគច្រើនបំផុត ជាស្រ្ដី និង កុមារ ខណៈមនុស្សជាង ៧៤ ០០០នាក់ផ្សេងទៀត រងរបួស៕