2023-10-11 02:10
490

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសរសេរលើបណ្តាញសង្គមថា វត្តមានកីឡាករកម្ពុជាដែលចាស់ជាងគេនៅព្រឹត្តិការណ៍កីឡាអាស៊ី នឹងជំរុញទឹកចិត្តកីឡាករវ័យក្មេងឲ្យដេញតាមសេចក្តីបំណងរបស់ពួកគេ។ 

ជាអត្តពលិកដែលមានវ័យចំណាស់ជាងគេបង្អស់នៅកីឡាអាស៊ីឆ្នាំ២០២៣ នេះ លោក សុខ ថេង មានវ័យ៨៤ឆ្នាំទទួលបានការចាប់អារម្មណ៍ពីសំណាក់ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីង (Wang Wenbin) ផងដែរ។ 

តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក វិនពីង មានការបង្ហោះរូបលោក សុខ ថេង កំពុងអង្គុយប្រកួតកីឡាអុកចិន នៅកីឡាអាស៊ី ដោយភ្ជាប់សម្តីរបស់អត្តពលិកវ័យ៨៤ឆ្នាំរូបនេះផងថា៖ «ខ្ញុំមកទីនេះព្រោះខ្ញុំចូលចិត្ត និងស្រឡាញ់កីឡា»។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន យល់ឃើញថា សម្តីមួយឃ្លាដែលបង្ហាញពីក្តីស្រឡាញ់ និងស្មារតីក្នុងកីឡារបស់លោក សុខ ថេង នឹងបន្តជំរុញទឹកចិត្តកីឡាករវ័យក្មេងឱ្យដេញតាមក្តីសុបិនរបស់ពួកគេ៕