រដ្ឋធានីណៃពិដោរ៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមចលនាតស៊ូចម្រុះ ប្រឆាំងនឹងរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែមើលឃើញ អំពីចំណុចដ៏សំខាន់បំផុត ជួយដល់ពួកគេ ឈានទៅយកជ័យជម្នះ លើរបបយោធា នៅក្នុងប្រទេសអាស៊ានមួយនេះ ក្រោយពេលពួកគេបានដណ្ដើមទីតាំងឈរជើងរបស់ពួកយោធា នៃរដ្ឋាភិបាលសឹកមួយនេះ ចាប់តាំងពីយុទ្ធនាការ កាលពីខែតុលា ឆ្នាំ២០២៣ រហូតមក។
បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ្សាយ៉ា (Zayar) អាយុ២១ឆ្នាំ ជាយុទ្ធជនវ័យក្មេងម្នាក់ បានដើរចេញពីជាន់ខាងលើ នៃគ្រោងឆ្អឹងបេតុងរបស់ព្រះវិហារមួយ ដែលអ្នកភូមិបានសាងសង់ អស់រយៈពេលពីរឆ្នាំមកនេះ បាននិយាយ ថា ការងារសាងសង់មានភាពយឺតយ៉ាវ ដោយសារតែមានការវាយប្រហារតាមអាកាស ដោយយន្តហោះចម្បាំងរបស់យោធាមីយ៉ាម៉ាន់ នេះជាការគំរាមកំហែងឥតឈប់ឈរ នៅក្នុងភូមិនេះ ស្ថិតក្នុងរដ្ឋការ៉ែន ។
យុទ្ធជនវ័យក្មេងរូបនេះ បានអះអាង ថា «ពីមុនយើងបានគិត ថា ប្រជាជនការ៉ែន ជាចោរ ដែលចូលរួមជាមួយនឹងក្រុមចលនាឧទ្ទាម ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា កាលពីពេលកន្លងមក។ ឥឡូវ មនុស្សបានយល់ដឹង អំពីស្ថានភាពពិតនេះហើយ»។
គំនិតរបស់យុទ្ធជន ហ្សាយ៉ា អំពីជនជាតិ Karen ដែលជាជនជាតិភាគតិចធំជាងគេមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្រួបបង្រួម ដោយការពិពណ៌នា និង ការមើលងាយ ក្រោមការផ្សព្វផ្សាយរបស់ពួកឧត្តមសេនីយ៍យោធារបស់ប្រទេសនេះ ដែលបានសាទរជាចម្បង អំពីជនជាតិភាគតិចបាម៉ា (Bamar) និង បានគាបសង្កត់យ៉ាងឃោរឃៅនូវសេចក្តីប្រាថ្នារបស់ក្រុមជនជាតិភាគតិចចម្រុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។
ពួកយោធា បានប៉ុនប៉ងដាក់សម្ពាធ ទៅលើជនជាតិភាគតិចរបស់ប្រទេសមីយ៉ាន់ម៉ា ឱ្យចុះចូល ដែលបានអូសបន្លាយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៤០រហូតមក។ សកម្មភាពនេះបានជំរុញឱ្យមានជម្លោះដ៏យូរបំផុតមួយ នៅលើពិភពលោក។ ឥឡូវ ពួកឧត្ដមសេនីយ៍យោធា បានកត់សម្គាល់ នៅឆ្នាំទី៣របស់ខ្លួន ចាប់តាំងពីពួកគេបានធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ សកម្មភាពរបស់ពួកយោធា បាននាំឲ្យមានការបះបោរងើបឡើងពាសពេញប្រទេសអាស៊ានមួយនេះ។
នៅក្នុងខែតុលា កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលមានមូលដ្ឋាន នៅក្នុងតំបន់និយាយភាសាចិនកុកងឺ នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសចិន រួមជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល ចំនួន២ក្រុមផ្សេងទៀត ក៏ដូចជាក្រុមយុទ្ធជនបាម៉ា បានវាយលុក ប្រឆាំងនឹងកងទ័ពរបបសឹក។ ក្រុមចលនាតស៊ូប្រឆាំងនឹងរបបសឹក មានទំនុកចិត្ត ទៅលើសកម្មភាពរួបរួមរបស់ពួកគេ នឹងទទួលបានជ័យជម្នះ លើរដ្ឋាភិបាលយោធា។
លោក គីម ចូលលីហ្វ (Kim Jolliffe) អ្នកវិភាគនយោបានមីយ៉ាន់ម៉ា បានអះអាង ថា ការរួបរួមសាមគ្គីគ្នា នឹងក្លាយជាគន្លឹះដ៏សំខាន់ នៅក្នុងការផ្លាស់ប្ដូរប្រទេសមីយ៉ាន់ម៉ា ឱ្យឆ្ងាយចេញពីការប្រមូលអំណាចរបស់បុគ្គលម្នាក់ ដែលបានបង្កឲ្យមានជម្លោះ ខណៈក្រុមជនជាតិភាគតិចទាំងអស់ស្មើគ្នា នៅក្នុងយន្តការចែករំលែកអំណាចយ៉ាងពិតប្រាកដ។ រីឯបញ្ហាអំណាចកណ្តាល ដែលបដិវត្តន៍ ត្រូវតែដោះស្រាយ គឺរបៀបបង្កើតប្រព័ន្ធដឹកនាំចម្រុះ និង បង្កើតតុល្យភាពអំណាច។ ដូច្នេះវាគ្មានក្រុមណាមួយ ដាក់ខ្លួនជាអ្នកគ្រប់គ្រង ឬ ជាអ្នកនិយមជ្រុលនោះឡើយ៕