2024-02-05 03:02
326

រដ្ឋធានីវ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចេញសេចក្តីព្រាងកញ្ចប់ថវិកាទំហំទឹកប្រាក់សរុប១១៨ពាន់លានដុល្លារ ដោយផ្ដោតទៅលើសន្ដិសុខតាមព្រំដែនរបស់ខ្លួន ហើយកញ្ចប់ជំនួយសម្រាប់អ៊ីស្រាអែល និង អ៊ុយក្រែន។ នេះតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្របគ្នានេះដែរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមុខអំពាវនាវដល់សភាជាតិអាមេរិក ឲ្យរួបរួមគ្នា អនុម័តសេចក្តីព្រាងកញ្ចប់ថវិកាទាំងនេះឲ្យបានឆាប់រហ័ស ខណៈមានការជំទាស់ពីសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ។

លោក ម៉ៃខ៍ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្តអាមេរិក មកពីបក្សសាធារណរដ្ឋ បានប្រកាស ថា សេចក្តីព្រាងនេះ នឹងត្រូវបដិសេធចោល ដោយមិនបាច់រង់ចាំយូរនោះទេ ប្រសិនបើសេចក្ដីព្រាងនេះ ធ្លាក់មកដល់សភារបស់លោក។ សេចក្តីព្រាងកញ្ចប់ថវិកាដ៏មហាសាលនេះ កាន់តែយ៉ាប់យឺនខ្លាំងជាងអ្វីដែលយើងបានរំពឹងទុក ហើយវានឹងមិនមានលទ្ធភាពអ្វីនោះឡើយ នៅក្នុងការបញ្ចប់មហន្តរាយព្រំដែន តាមអ្វីដែលលោកប្រធានាធិបតី បានបង្កើតឡើងនោះ។

សេចក្ដីព្រាងកញ្ចប់ថវិកានេះ រួមមាន ថវិកា២០,២៣ពាន់លានដុល្លារ សម្រាប់សន្តិសុខព្រំដែន, ជំនួយមានទំហំទឹកប្រាក់៦០,០៦ពាន់លានដុល្លារ សម្រាប់ការបន្តការគាំទ្រដល់អ៊ុយក្រែន នៅក្នុងការធ្វើសង្រ្គាមជាមួយនឹងរុស្ស៉ី, ចំនួយសន្ដិសុខ មានទំហំទឹកប្រាក់១៤,១ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល, ថវិកា២,៤៤ពាន់លានដុល្លារ សម្រាប់បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក និង ជម្លោះ នៅតំបន់សមុទ្រក្រហម និង ៤,៨៣ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់បណ្តាដៃគូរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក ជាទីដែលចិន កំពុងតែបង្កើនឥទ្ធិពល។ ក្រៅពីនេះ ក៏មានថវិកា១០ពាន់លានដុល្លារបន្ថែមទៀត នឹងត្រូវផ្តល់ជាជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិល នៅតាមតំបន់មានជម្លោះ រួមមាន ទាំងនៅអ៊ុយក្រែន, ហ្កាហ្សា និង West Bank។ 

បើទោះជាយ៉ាងណា សេចក្តីព្រាងថវិកានេះ បានកំណត់លក្ខខណ្ឌមួយ ហាមការផ្តល់មូលនិធិទៅកាន់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនជាតិប៉ាឡេស្ទីន ហៅកាត់ UNRWA ។ បញ្ហានេះ បានកើតឡើង ក្រោយពេលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន និងបណ្តាប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលធិនិដល់ UNRWA ក្រោយការចោទប្រកាន់ អំពីបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕