2024-04-08 04:04
270

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសហរដ្ឋអាមេរិក ជប៉ុន អូស្រ្ដាលី និង ហ្វីលីពីន នឹងធ្វើសមយុទ្ធយោធា ដើម្បីការពារសេរីភាព និង បើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការប្រឈមមុខជាមួយនឹងមហាយក្សចិន នោះមក តំណាងយោធារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង បានជួបពិភាក្សាគ្នា នៅរដ្ឋកោះហាវ៉ៃ សហរដ្ឋអាមេរិក។

បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា តំណាងយោធាសហរដ្ឋអាមេរិក និង ចិន បានជួបពិភាក្សាគ្នា នៅសប្ដាហ៍នេះ នៅរដ្ឋហាវ៉ៃ ដោយផ្ដោតទៅលើសុវត្ថិភាព សម្រាប់កងកម្លាំង នៅតំបន់ប៉ាស៊ីហ្វិក ហើយនេះជាការកត់សម្គាល់ នៅក្នុងការជួបទល់មុខគ្នា ជាលើកដំបូង ក្រោយពេលចិន បានលុបចោលជំនួបបែបនេះ អស់រយៈពេលជាច្រើនកន្លងមកនេះ។

កិច្ចប្រជុំក្រុមការងារប្រឹក្សាយោធា ផ្ដោតលើកិច្ចព្រមព្រៀងដែនសមុទ្រនេះ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុងហូណូលូលូ (Honolulu) ចន្លោះពីថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ (ទី៤ដល់ទី៥ ខែមេសា)។ នៅក្នុងជំនួបនេះ មានមន្ត្រីចំនួន១៨នាក់ មកពីកងទ័ពរំដោះប្រជាជនចិន បានចូលរួមជាមួយតំណាងចំនួន១៨នាក់ មកពីទីបញ្ជាការសំខាន់ៗ នៃកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក រួមទាំងមន្ត្រី មកពីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក កងនាវាប៉ាស៊ីហ្វិកអាមេរិក និង កងកម្លាំងអាកាសប៉ាស៊ីហ្វិកអាមេរិក។

មន្រ្ដីជាន់ខ្ពស់មួយរូបរបស់កងទ័ពសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត ថា កិច្ចពិភាក្សាគ្នា នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាដល់ប្រតិបត្ដិការប្រកបដោយសុវត្ថិភាព សម្រាប់កម្លាំងយោធារបស់យើង។ ស្របគ្នានេះដែរ ប្រធានគណៈប្រតិភូអាមេរិក និង ជានាយកគោលនយោបាយអាស៊ីឦសាន សម្រាប់ INDOPACOM លោក ឡែន ហ្វ្រង់ស៊ីស (Ian Francis) បានបញ្ជាក់ ថា កិច្ចប្រជុំ MMCA គឺជាមធ្យោបាយចម្បងរបស់យោធា ដើម្បីពិភាក្សា ដោយផ្ទាល់ អំពីសុវត្ថិភាពលើប្រតិបត្តិការតាមផ្លូវអាកាស និង ដែនសមុទ្រ ជាមួយកងទ័ពរំដោះប្រជាជនចិន (PLA)។ កិច្ចប្រជុំនេះ មានការកាត់បន្ថយនូវអាកប្បកិរិយា មិនមានសុវត្ថិភាព រវាងកងយន្តហោះយោធាសហរដ្ឋអាមេរិក និង ចិន នៅតំបន់ប៉ាស៊ីហ្វិក តាមអ្វីដែលពួកគេ បានហៅថា ជាសញ្ញាលើកទឹកចិត្ត និង ធានាដល់ប្រតិបត្ដិការប្រកបដោយសុវត្ថិភាព។

ដោយឡែក បណ្ដាប្រទេសជាសម្ពន្ធមិត្ដរបស់លោកខាងលិច បានអះអាង ថា កងកម្លាំងការពាររបស់សហដ្ឋអាមេរិក ជប៉ុន អូស្រ្ដាលី និង ហ្វីលីពីន បានអនុវត្ដសកម្មភាពសហប្រតិបត្ដិការដែនសមុទ្រ កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ដើម្បីគាំទ្រដល់សេរីភាព និង បើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលប្រទេសចិន កំពុងតែអះអាង ដែនសមុទ្រភាគច្រើនបំផុត នៅសមុទ្រចិនខាងត្បូង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន៕