2024-03-13 04:03
304

ទីក្រុងប៊្រុចសែល៖ ក្រោយពេលប្រធានាធិបតីបារាំង បានព្រមានដល់មេដឹកនាំលោកខាងលិច ជាពិសេស មេដឹកនាំនៅតំបន់អឺរ៉ុប អំពីលទ្ធភាពរបស់ក្រុងមូស្គូ អាចនឹងវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ នាពេលខាងមុខ មិនបានប៉ុន្មានផង ឥឡូវ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ កំពុងតែបញ្ជូនមីស៊ីលការពារដែនអាកាស ទៅកាន់ព្រំដែនរបស់ខ្លួន ជាប់ជាមួយនឹងរុស្ស៊ី។

សារព័ត៌មាន Express បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា បណ្ដាប្រទេសជាសមាជិកអង្គការណាតូ កំពុងតែប្រញាប់ប្រញាល់ ដាក់ពង្រាយខែលការពារដែនអាកាស នៅតាមព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ដោយសារតែការព្រួយបារម្ភ អំពីការប៉ះទង្គិចគ្នា ជាយថាហេតុ នាពេលអនាគត រវាងរដ្ឋាភិបាលក្រុងមូស្គូ និង សម្ពន្ធមិត្តលោកខាងលិច។

ព័ត៌មានបែបនេះ បានកើតឡើង ស្របពេលលោក ឌីមីទ្រី មេដវេដេវ (Dmitri Medvedev) អតីតប្រធានាធិបតីរុស្ស៊ី និង ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី ហើយជាដៃស្ដាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក ថា កំពុងតែធ្វើដំណើរឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣។

ការនិយាយប្រៀបធៀបខ្លួនឯងរបស់ប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ទៅនឹងលោក ហ្វ្រែងគ្លីន ឌី រូសេវ៉ែល (Franklin D Roosevelt)  ប្រធានាធិបតីសហរដ្ឋអាមេរិក នាអំឡុងសម័យសង្រ្គាមលោកលើកទី២ ថា «បៃដិន» កំពុងតែព្យាយាមយ៉ាងសកម្ម និង តស៊ូទប់ទល់នូវការចាប់ផ្តើមសង្គ្រាមលោកលើកទី៣។ រូសេវ៉ែលត៍ ទី៣ កំពុងតែប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីស ប៉ុន្តែ បៃដិន កំពុងប្រយុទ្ធទប់ទល់នឹងពួកគេ។

លោក អាវីដ៉ាស អានូសោស្កាស (Arvydas Anušauskas) រដ្ឋមន្រ្ដីក្រសួងការពារជាតិលីទុយអានី បានបញ្ជាក់ ថា ប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក គួរតែដាក់ប្រតិបត្ដិការ នៅក្នុងប្រទេសរបស់គាត់ ដែលជាសមាជិករបស់អង្គការណាតូ នៅជាប់នឹងព្រំដែនជាមួយនឹងរុស្ស៊ី  នៅចុងឆ្នាំ២០២៤។ ខែការពារដែនអាកាសទាំងនេះ នឹងបង្វិលតាមដាន រវាងប្រទេសផ្សេងៗនៅតំបន់សមុទ្របាល់ទិក ជាកន្លែង ស្ថិតក្នុងខ្សែបន្ទាត់ ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងបាញ់ប្រហារមកលើ។

បើទោះជាយ៉ាងណា លោករដ្ឋមន្រ្ដីក្រសួងការពារជាតិលីទុយអានី មិនបានបញ្ជាក់ អំពីចំនួនខែលការពារ ដែលនឹងត្រូវដាក់ពង្រាយ ទៅកាន់បណ្ដាប្រទេសជាប់នឹងព្រំដែនជាមួយនឹងរុស្ស៊ីនោះឡើយ៕