2024-03-30 03:03
308

(សេអ៊ូល)៖ កូរ៉េខាងជើង កាលពីថ្ងៃទី២៩ ខែមីនា បាននិយាយថាខ្លួនគ្មានអ្វីត្រូវនិយាយ ឬជជែកជាមួយជប៉ុននោះទេ បន្ទាប់ពីបានអះអាងថាមន្ត្រីទូតជប៉ុនម្នាក់ ក្នុងប្រទេសចិន បានធ្វើការទាក់ទងជាមួយមន្ត្រីទូតកូរ៉េខាងជើងម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

 ទំនាក់ទំនងរវាងកូរ៉េខាងជើង និងជប៉ុន បានជាប់គាំងអស់រយៈពេលជាយូរមកហើយ ជុំវិញការចោទថាចារកម្មកូរ៉េខាងជើងបានចាប់ពង្រត់ជនជាតិជប៉ុនជាច្រើន នាក់ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ រួមទាំងដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បើទោះជាមួយរយៈកាលចុងក្រោយនេះមានសញ្ញា ធូរស្រាលបនិ្តចបន្តួចក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ក៏ដោយ។

 មន្ត្រីទូតកូរ៉េខាងជើងម្នាក់ នៅក្នុងប្រទេសចិនបានអះអាងថាមន្ត្រីម្នាក់មកពីស្ថានទូតជប៉ុន ប្រចាំទីក្រុងប៉េកាំង បានស្នើសុំទំនាក់ទំនងតាមសារអេឡិចត្រនិក ឬ Email ជាមួយមន្ត្រីម្នាក់ប្រចាំស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងប៉េកាំង។ ប៉ុន្តែសំណើនេះត្រូវបានចា្រនចោលដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui។ លោកស្រី Choe បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងនឹងមិនអនុញ្ញាតឱ្យការប៉ុនប៉ងណាមួយរបស់ជប៉ុន ដើម្បីទាក់ទងមន្ត្រីរបស់យើងទេ ហើយកិច្ចសន្ទនារវាងកូរ៉េខាងជើង និងជប៉ុន ក៏មិនមែនជាបញ្ហាអ្វីពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ»

 បន្ថែមពីលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសចិន លោក Ri Ryong Nam ក៏បានបញ្ជាក់ដែរថា «យើងមិនមានរឿងអ្វីត្រូវនិយាយជាមួយភាគីជប៉ុននោះទេ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ឡើងវិញថាកូរ៉េខាងជើងគ្មានហេតុផលអ្វីត្រូវជួបភាគីជប៉ុន នៅគ្រប់កម្រិត ទាំងអស់»

 គួរបញ្ជាក់ថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ              ជុង បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅថានាយរដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានស្នើសុំរៀបចំកិច្ចប្រជុំកំពូលជាមួយលោក គីម។ តាមអ្នកនាង គីម កិច្ចប្រជុំកំពូលនេះនឹងមិនអាចកើតឡើងទេ បើគ្មានការផ្លាស់ប្ដូរ នៅក្នុងគោលនយោបាយរបស់ទីក្រុងតូក្យូ។ ប៉ុន្តែ មួយថ្ងៃក្រោយមក អ្នកនាងស្រាប់តែនិយាយថាទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ការទំនាក់ទំនងទាំងអស់ជាមួយ ជប៉ុន ដោយអះអាងថាជប៉ុនខ្វះភាពក្លាហានក្នុងការកសាងឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងតូក្យូ និងព្យុងយ៉ាង៕