បន្ទាយមានជ័យ៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង នៅក្រោយកាស៊ីណូ ហ្គោលឌិន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបន្ទប់ជួលខាងលើ។ លោកបានបន្ថែមថា នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ប្រជាពលរដ្ឋរស់នៅជិតបន្ទាប់ជនរងគ្រោះអត់ឃើញចេញទៅធ្វើការងាររយៈពេល២ទៅ៣ថ្ងៃ ដោយមានការសង្ស័យមិត្តភក្ត្របានមកមើលក្នុងបន្ទាប់ជួល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឲ្យដឹងបន្តទៀតថា ក្រោយទទួលបានព័ត៌មានមន្ត្រីជំនាញផ្នែកកោសលវិច័យ និងវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញបានចុះពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ដោយសន្និដ្ឋានថា «សពជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីស្លាបបណ្តាលមកពីគាំងបេះដូង ព្រោះលើខ្លួនសពគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ»។
ក្រោយពីមន្ត្រីជំនាញខាងពិនិត្យសពបានធ្វើកោសវិច្ច័យរួចរាល់សពបានដឹកបញ្ជូនទៅកាន់រាជធានីភ្នំពេញ ដើម្បីទុកឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕