ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Hainan សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។
យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្យបានឱ្យដឹងថា៖ «ព្រះអង្គសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តទៅ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Hainan នៃសាធារណរដ្ឋប្រជាមានិតចិន»។
នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសលើនេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕