សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ជុំវិញការសម្តែងការព្រួយបារម្ភលើការតាំងទីលំនៅថ្មីដោយបង្ខំរបស់ប្រជាជនរស់នៅតំបន់អង្គរ ដើម្បីកិច្ចអភិរក្ស របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញព័ត៌មាន អឹម អេស ជេ ទទួលបាន បាបបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកជំនាញការខាងលើ អាជ្ញាធរជាតិអប្សរាសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖
១- អាជ្ញាធរជាតិអប្សរា ជានិច្ចកាលរមែងបំពេញកិច្ចការងារក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា។
ក្នុងរយៈកាល៣០ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋចំនួន ១១២ ភូមិ ដែលរស់នៅយូរលង់ណាស់មកហើយក្នុងតំបន់រមណីយដ្ឋានអង្គរ។
បច្ចុប្បន្នបុគ្គលិកចំនួន ៧៤% ដែលកំពុងបំពេញការងារនៅក្នុងអាជ្ញាធរជាតិអប្សរា គឺជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។
២- ក្នុងនាមជាស្ថាប័នទទួលបន្ទុកកិច្ចការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាជានិច្ចកាលមានកាតព្វកិច្ចគោរពនិងអនុវត្តទៅតាមខ្លឹមសារចែងក្នុងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធកិច្ចការពារ បេតិកភណ្ឌវប្បធម៌ ជាពិសេសគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក។
៣- អាជ្ញាធរជាតិអប្សរាមានការសោកស្តាយជាខ្លាំង ដោយអ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សបានទទួលនូវរបាយការណ៍មួយចំនួន ដែលមិនបានឆ្លុះបញ្ចាំងក៏ដូចជាមិនបានស្វែងយល់ព័ត៌មានពិត និងសភាពជាក់ស្តែងនៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធ។
៤- អាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាពិសេស ចំពោះប្រជាជនដែលបានតាំងទីលំនៅមិនសមស្របមួយចំនួនក្នុងតំបន់ការពារ ហើយដែលបានស្ម័គ្រចិត្ត ទៅតាំងទីលំនៅថ្មី តាមរយៈការផ្តល់នូវកិច្ចគាំពារ ដូចជាគោលការណ៍ទទួលកម្មសិទ្ធិដីធ្លីស្របច្បាប់ គោលនយោបាយគាំពារសង្គមរយៈពេល១០ឆ្នាំ និងការគាំពារជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គមដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
៥- ជាមួយគ្នានេះ បញ្ហាដែលបានលើកឡើង ត្រូវបានយកមកពិភាក្សាយ៉ាងលម្អិតពីអ្នកជំនាញការជាតិ និងអន្តរជាតិក្នុងកិច្ចប្រជុំបច្ចេកទេសនាពេលកន្លងមក និងជាពិសេសក្នុងកិច្ចប្រជុំលើកទី៣៩ និងពេញអង្គលើកទី៣១ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់ធាតុចូលបន្ថែមលើការរក្សាតុល្យភាពរវាងកិច្ចអភិរក្សនិងការអភិវឌ្ឍន៍សហគមន៍ប្រជាជន៕
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណមតិជាទូទៅ មេត្តាជ្រាបជាព័ត៌មាន៕