ភ្នំពេញ៖ ក្រុមហ៊ុនបោកគក់មួយ នៅក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងបរិស្ថាន ធ្វើការផាកពិន័យតាមច្បាប់កំណត់ «រាប់រយលានរៀល» ដោយសារបានបញ្ចេញសំណល់រាវបំពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល និងបានណែនាំឱ្យកែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវឡើងវិញ ឱ្យស្របតាមស្តង់ដារបច្ចេកទេសអនុញ្ញាត។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្តីបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការចុះអនុវត្តវិធានការននេះ គឺដោយមានយកចិត្តទុកដាក់ពីសំណាក់ ឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទដ្ឋានគតិ្តយុត្តមួយចំនួនទៀត ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យស្ថានភាពជាក់ស្តែង លើការអនុវត្តវិធានការច្បាប់លើក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដើម្បីបញ្ជាក់ថា «ក្រុមហ៊ុន មានឆន្ទៈកែលម្អចំណុចខ្វះខាត និងលប់បំបាត់បញ្ហាបំពុលបរិស្ថាន ស្របតាមវិធានការច្បាប់របស់កម្ពុជា។ តាមរយៈការចូលរួមគោរពច្បាប់ បញ្ហាការបំពុលប្រឡាយ ៦១ និងទឹកស្ទឹងតូច ពីក្រុមហ៊ុននេះ ត្រូវបានទប់ស្កាត់ និងស្តារបរិស្ថានឡើងវីញ ដើម្បីឱ្យមានភាពស្អាតក្នុងដែនទឹក»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ ពីករណីបង្ហូរសំណល់រា ដោយក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.វចូលប្រឡាយទឹក៦១ បង្កការបំពុលទឹកស្ទឹងតូច ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ រហូតដល់ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញអធិការកិច្ចក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាននៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានចុះស្រាវជ្រាវ និងបានរកឃើញថា «មានការបំពុលបរិស្ថាន បង្កឡើងដោយរោងចក្រ Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលបានបង្ហូរសំណល់រាវ ដោយមិនបានឆ្លងកាត់ ការសម្អាតតាមលក្ខណៈបច្ចេកទេស និងបញ្ជេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដារអនុញ្ញាត»។
ក្រសួងបរិស្ថាន បានបន្ថែមទៀតថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារជំនាញ និងសហការជាមួយអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ បានចុះត្រួតពិនិត្យនៅទីតាំងប្រឡាយ ៦១ និងស្ទឹងតូច ដែលបានរាយការណ៍លើករណីរងការបំពុលទឹកនៅទីនោះ បន្ថែមទៀត។
តាមការពិនិត្យជាក់ស្ដែងឃើញថា ស្ថានភាពទឹកនៅក្នុងប្រឡាយ ៦១ មានសភាពធម្មតា (ទឹកមានពណ៌ថ្លា) មានកិ្លនតិចៗ ពុំដូចការត្រួតពិនិត្យនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នោះទេ និងស្ថានភាពទឹកស្ទឹងតូចនៅមានសភាពដដែល គឺនៅមានពណ៌ក្រម៉ៅ និងមានក្លិនអូសាវែល និង២.ក្រុមហ៊ុនបានធ្វើការស្ដារប្រឡាយ៦១ ជម្រៅប្រហែល១,៥ ទៅ ២ម៉ែត្រ ហើយស្ថានភាពទឹកនៅក្នុងប្រឡាយនេះមានសភាពថ្លាធម្មតាឡើងវិញ។
សកម្មភាពបញ្ចេញសំណល់រាវរបស់ក្រុមហ៊ុនខាងលើ បានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាបទល្មើសទៅនឹងមាត្រា ២៨៧, ២៨៩ និង មាត្រា ២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៤ និង មាត្រា ៦ និងមាត្រា ៩ថ្មី នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ដែលអាចនឹងត្រូវផ្តន្ទាទោសតាមមាត្រាទី ៨៤៥និង៨៤៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានចាត់វិធានការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឱ្យក្រុមហ៊ុនអនុវត្តតាមច្បាប់ដូចតទៅ៖
១- ត្រូវធ្វើការបញ្ចេញសំណល់រាវ ដោយត្រូវឆ្លងកាត់ការ ធ្វើប្រព្រឹត្តកម្មសំអាតជាមុន អនុលោមតាមស្តង់ដារកំណត់ មុនបង្ហូរចូលប្រឡាយសាធារណៈ។
២- ពិន័យអន្តរការណ៍ជាប្រាក់ និងផ្តល់សំណងការខូចខាត លើការខូចខាតបរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃស្ទឹងតូច និងប្រឡាយទឹក ៦១។
៣- ត្រូវធ្វើការស្តារ និងរៀបចំជើងជញ្ជាំងប្រឡាយ ឱ្យមានសោភ័ណភាពល្អ ដើម្បីងាយស្រួលតាមដានស្ថានភាពបំពុលទឹក ក្នុងប្រឡាយពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ជាកំហិត។
៤- ត្រូវធ្វើការស្តារការខូចខាត និងស្តារបរិស្ថានឡើងវិញ នៅក្នុងតំបន់ដែលទទួលរងការបំពុលពីការឱ្យបានរួចរាល់ជាកំហិតមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ជាកំហិត។
៥- ត្រូវរៀបចំច្រកចេញនៃប្រព័ន្ធលូបង្ហូរសំណល់រាវពីទីតាំងរបស់ខ្លួន ឱ្យចេញតែមួយទីតាំងគត់ ដើម្បីងាយស្រួលក្នុងការតាមដាន និងបញ្ចៀសការបញ្ចេញសំណល់រាវមិនបានសម្អាតជាបន្តទៀតឱ្យបានរួចរាល់ក្នុងរយៈពេល១ខែជាកំហិត។
៦- ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឱ្យបានច្បាស់លាស់ និងដាច់ដោយឡែកពីប្រព័ន្ធលូបង្ហូរសំណល់រាវ និងទឹកកខ្វក់ ឱ្យបានរួចរាល់ក្នុងរយៈពេល១ខែជាកំហិត សំដៅធានាបានមិនមានសំណល់រាវ ហូរចេញតាមលូទឹកភ្លៀង ចូលទៅក្នុងប្រឡាយសាធារណៈទៀតឡើយ៕