បាត់ដំបង៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានសហការដឹកនាំកម្លាំងចម្រុះទ្រង់ទ្រាយធំ ប្រមាណជិត ១០០នាក់ បានចុះប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងស្រុកមួយចំនួន នៃរដ្ឋបាលខេត្តបាត់ដំបង ដែលមានភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្លាំងសរុបចំនួន ៨៧ នាក់។
សមត្ថកិច្ចចម្រុះពាក់ព័ន្ធដែលបានចុះប្រតិបត្តិការទ្រង់ទ្រាយធំនោះ រួមមាន៖ ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ចំនួន ០៩ នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការ (អ.ជ.ប.គ.ញ ), ប្រតិភូលេខាធិការដ្ឋានខេត្តបាត់ដំបង ចំនួន ០៣ នាក់ ដឹកនាំដោយ លោក ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត, កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ចំនួន ១៧ នាក់, កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនយន ០៩ នាក់, កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ៣០ នាក់, កម្លាំងវរការពារព្រំដែនគោកលេខ ៨១៩ ចំនួន ១១ នាក់ និងកម្លាំងកងរាជអាវុហត្ថស្រុកកំរៀង ចំនួន ០៨ នាក់។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានឱ្យដឹងថា ក្រុមការងារបានបន្តចុះត្រួតពិនិត្យសកម្មភាពការអនុវត្តប្រតិបត្តិការត្រួតពិនិត្យការឆែកឆេរចល័ត ដើម្បីបង្កា ទប់ស្កាត់ និងបង្ក្រាបការចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ០៣ គោលដៅផ្សេងគ្នា នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ កម្លាំងសមត្ថកិច្ចឃាត់រថយន្តធុនធំ ចំនួន ៣៥ គ្រឿង មនុស្ស ចំនួន ៧៣ នាក់ (ស្រី១៤នាក់) , រថយន្តធុនតូច ចំំនួន ៧៨ គ្រឿង មនុស្ស ៩៩នាក់ (ស្រី១៨នាក់), ម៉ូតូ ចំនួន ៣៥ គ្រឿង មនុស្ស ៤៣នាក់។ ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ឡើយ៕