(មូស្គូ)៖ អភិបាលក្រុង លោក Sergei Sobyanin បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែមករានេះថា អង្គការពារដែនអាកាសរុស្ស៉ីបានស្ទាក់ចាប់ការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែន នៅទីតាំងចំនួន ៤ជុំវិញរដ្ឋធានីមូស្គូ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sobyanin បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា អង្គភាពការពារដែនអាកាស នៅភាគអាគ្នេយ៍ទីក្រុងមូស្គូក្នុងស្រុក Kolomna និង Ramenskoye បានបាញ់ស្ទាក់ដ្រូនមួយក្រុមដែលហោះចូលមក។
ដោយមិនបញ្ជាក់ពីចំនួនដ្រូន លោក Sobyanin និយាយថា «កន្លែងដែលមានធ្លាក់បំណែកដ្រូនមិនមានការខូចខាត ឬរបួសណាមួយកើតឡើងទេ។
ក្រុមសង្គ្រោះបន្ទាន់ និងអ្នកជំនាញកំពុងស្ថិតនៅទីនោះ»។
លោក Sobyanin បានឱ្យដឹងទៀតថា ដ្រូនពីរគ្រឿងដែលឆ្ពោះមកកាន់ទីក្រុងមូស្គូក៏ត្រូវស្ទាក់ចាប់ដោយ ប្រព័ន្ធការពារដែនអាកាសក្នុងសង្កាត់ Podolsk ភាគខាងត្បូងផងដែរ។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាកាសយានដ្ឋានចំនួនពីរក្នុងទីក្រុងមូស្គូគឺ Vnukovo និង Domodedovo កំពុងដោះស្រាយបញ្ហាជើងហោះហើរ បន្ទាប់ពីផ្អាកប្រតិបត្តិការមួយពេល។ ជើងហោះហើរចំនួន ៦ត្រូវប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសពីការបាញ់កម្ទេចដ្រូនអ៊ុយក្រែនចំនួន ៤៩គ្រឿង ក្នុងរយៈពេល ៣ម៉ោង ដោយភាគច្រើនបាញ់មកឆ្លងកាត់តំបន់ Kursk ជិតព្រំដែនអ៊ុយក្រែន។
ក្នុងនោះ ៣៧គ្រឿង ត្រូវបាញ់ទម្លាក់ក្នុងតំបន់ Kursk តែម្តង៕