វ៉ាស៊ីនតោន៖ ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក ដោះលែងការឃុំឃាំង ដែលបានដាក់ដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យគឺ លោក ចូ បៃដិន លើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ 2,000 ផោនទៅដល់អ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥ នេះ។
លោក Biden ធ្លាប់បានដាក់ការផ្អាកទៅលើការចែកចាយគ្រាប់បែកទាំងនោះ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលគ្រាប់បែកទាំងនោះអាចបង្កគ្រោះថ្នាក់ទៅលើប្រជាជនស៊ីវិល ជាពិសេសនៅតំបន់ Rafah នៃ Gaza ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
បើតាមគេហទំព័រ Reuters ដែលធ្លាប់បានរាយការណ៍កាលពីឆ្នាំមុនថា រដ្ឋបាលលោក Biden បានបញ្ជូនគ្រាប់បែករាប់ពាន់គ្រាប់ដែលមានទម្ងន់រហូតទៅដល់ 2,000 ផោនទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ប៉ុន្តែក៏ត្រូវបានផ្អាកការដឹកជញ្ជូនមួយផងដែរ។
ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសផ្តល់ជំនួយដល់អ៊ីស្រាអែលដែលមានតម្លៃរហូតទៅដល់រាប់ពាន់លានដុល្លារឯណោះ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។
គួរបញ្ជាក់ឲ្យដឹងថា លោក Trump និងលោក Biden គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់សម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែល បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានទទួលរងការរិះគន់ពីអ្នកតស៊ូមតិសិទ្ធិមនុស្សជុំវិញវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សាពីការវាយលុកយោធារបស់អ៊ីស្រាអែលយ៉ាងណាក៏ដោយ។
ក្នុងនោះដែរ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ខ្លួនកំពុងជួយអ៊ីស្រាអែលការពារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាសនៅហ្គាហ្សា ក្រុមហេសបូឡានៅលីបង់ និងក្រុមហ៊ូធីនៅយេម៉ែនជាដើម។
បើនិយាយពី បទឈប់បាញ់នៅតំបន់ហ្គាហ្សាវិញ គឺបានចូលជាធរមានកាលពីមួយសប្តាហ៍មុន ហើយបាននាំទៅដល់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួនដែលក្រុមហាម៉ាស់ឃុំខ្លួនជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលចាប់ដោយអ៊ីស្រាអែលផងដែរ។
ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល 250 នាក់ក្នុងអំឡុងពេលការវាយប្រហារឆ្នាំ 2023 លើអ៊ីស្រាអែលដែលក្នុងនោះមនុស្សប្រហែល 1,200 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
វាបានបង្កឱ្យមានការបង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ការវាយប្រហារដោយយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជាង 47,000 នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានបញ្ជាក់ ហើយបាននាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមដែលអ៊ីស្រាអែលបដិសេធ។
ហើយអ៊ីស្រាអែលក៏បានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្គាហ្សា និងបណ្តាលឱ្យមានវិបត្តិអត់ឃ្លានផងដែរ។