2025-01-31 10:54
7

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក។ 

ជាមួយគ្នានេះ, លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ រវាងស្ថាប័នទាំងពីរ ដូចគ្នាផងដែរ។

ជំនួបពិភាក្សានេះ ផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលកំពុងរីកសាយភាយនៅក្នុងតំបន់ជាដើម៕