2025-01-31 13:11
8

បាត់ដំបង៖ ក្រោយពីមានព័ត៌មានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ «អា ស្រស់» បានសរសេរថា មានករណីចាប់ក្មេងនៅភូមិភ្នំប្រាំពីរ សូមប្រុងប្រយ័ត្នល្ងាចមិញមានអ្នកចាប់ក្មេង! ដែលបង្កឱ្យមានការភ័ន្តច្រឡំ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមៗ សមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយអធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវករណីនេះបន្ទាន់ បានរកឃើញថា «គ្មានករណីចាប់ក្មេងនោះទេ ហើយការបង្ហោះនោះ គឺជាព័ត៌មានមិនពិត និងក្លែងក្លាយ»

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថា៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ «អា ស្រស់» បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា អ្នកនៅភូមិភ្នំប្រាំពីរសូមប្រុងប្រយ័ត្នល្ងាចមិញមានអ្នកចាប់ក្មេង!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ទៀតថា៖ ក្រោយឃើញការផ្សព្វផ្សាយព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យលោកវរសេនីយ៍ ទោ សំ វីរៈ អធិការនរបាលស្រុកភ្នំព្រឹក ចុះធ្វើការស្រាវ ជ្រាវជាបន្ទាន់លើបញ្ហានេះ។ លុះនៅព្រឹកថ្ងៃទី៣១ ខែមករានេះ សមត្ថកិច្ចបានចុះទៅដល់លំនៅដ្ឋានរបស់ម្ចាស់គណនីខាងលើ ដែលមានឈ្មោះ ឌឹម ចាន់រ៉ា ភេទស្រី អាយុ ៣២ ឆ្នាំរស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានធ្វើការសាកសួរព័ត៌មាននេះ ស្ត្រីរូបនេះ បានសារភាពថា៖ «ខ្លឹមសារដែលគាត់បង្ហោះក្នុងគណនីរបស់គាត់នោះ គឺជារឿងមិនពិតនោះទេ។ ការពិតគាត់គ្រាន់តែលឺអ្នកភូមិនិយាយរឿងនេះ ក៏សរសេរបង្ហោះក្នុងគណនីរបស់ខ្លួន និងបានបង្កឱ្យមានការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្តាញសង្គម»

នគរបាលបានបញ្ជាក់ថា ជាក់ស្តែងក្មេងប្រុសមានឈ្មោះ គីម រតនៈ អាយុ ០៥ឆ្នាំ បានដើរលែងជ្រុលម៉ោងពេលចូលផ្ទះវិញខ្លាចជីដូនស្តីបន្ទោស ក៏និយាយកុហក់ថាមានមនុស្សចាប់បែបនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិ។ ខណៈពេលនេះ ម្ចាស់គណនីខាងលើសូមធ្វើការអភ័យទោស ចំពោះកំហុសឆ្គងរបស់គាត់ដែលបានផ្សព្វផ្សាយរឿងមិនពិត នាំបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខក្នុងសង្គម និងបានសន្យាឈប់បន្តសកម្មភាពបែបនេះតទៅទៀត។ 

ស្នងការនគរបាលខេត្តបាត់ដំបង បានសូមសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ ម៉្យាងក៏សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមសូមចូលរួមសហការជាមួយសមត្ថកិច្ច មុនធ្វើការផ្សព្វផ្សាយរឿងរ៉ាវទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់សង្គមចៀសវាងដូចករណីខាងលើ៕