2025-01-31 12:56
10

(កែប) កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក ប៉ុក ទាំង ប្រធានមន្ទីរស្តីទីនៃមន្ទីទេសចរណ៍ខេត្តកែបបានឱ្យដឹងថាខេត្តកែបមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តជាតិ  ប្រមាណជិត ៣ ម៉ឺននាក់ បានធ្វើដំណើរមកលម្ហែលេងកម្សាន្តនៅទូទាំងខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ដោយក្នុងដំណើរកម្សាន្តរបស់ក្រុមអ្នកទេសចរមកកាន់ខេត្តកែប នាថ្ងៃនេះមិនមានបាតុភាពណាមួយ ដែលបង្កឡើងធ្វើអោយប៉ះពាល់ ដល់បណ្តាអ្នកភ្ញៀវទេសចរនោះទេ។ 

នេះបើយោងតាមរបាយការណ៍របស់លោក ប៉ុក ទាំង បានអោយដឹងថា សម្រាប់អំឡុងពេលពិធីបុណ្យចូលឆ្នាំចិននេះ មានភ្ញៀវទេសចរសរុបចំនួន ២៩,១១៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨,៩៣៨នាក់ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់។  

ទោះជាយ៉ាងណាលោកបញ្ជាក់ថា ពាក់ព័ន្ធសភាពការណ៍ទេសចរណ៍ នាថ្ងៃនេះពុំមានទទួលពាក្យបណ្ដឹងទេ គ្រោះថ្នាក់ផ្សេងៗ ក៏គ្មានដែរ បាតុភាពផ្សេងៗដែលបង្កឡើងអោយប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ក៏គ្មាននោះដែរក្នុងនោះលោកបានបែងចែកក្រុមការងារចុះតាមដានតាមគោលដៅទេសចរណ៍ផងដែរ។ (សឹង រ៉ាត់)