បាត់ដំបង៖ ពិតជាគួរឱ្យអាណិតអាសូរ និងខ្លោចផ្សារជាទីបំផុត អាយុជីវិតក្មេងប្រុស-ស្រី០២នាក់បងប្អូនបង្កើត ត្រូវបានអណ្តាតភ្លើងឆេះរោលខ្លោចក្នុងភ្នក់ភ្លើង ខណៈពេលកំពុងដេកលង់លក់ក្នុងដំណេក ហើយត្រូវបានម្តាយ ចាក់សោរផ្ទះពីខាងក្រៅ ដោយរវុលទៅដកសៅបន្លែរបង្ការនៅខាងក្រោយផ្ទះប្រមាណជិត ២០០ ម៉ែត្រ ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆាប់ឡើង មិនអាចជួយសង្គ្រោះបានទាន់ពេលវាលា។
សោកនាដគ្រោះអគ្គិភ័យខាងលើ ដែលឆក់យកអាយុជីវិតក្មេងប្រុស-ស្រី០២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតឡើងនៅវេលាម៉ោង ១១និង១០នាទី យប់រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ នៅចំណុចតូបលក់អីវ៉ាន់ចាប់ហួយ និងគ្រឿងទេស ក្នុងក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមរបាយការណ៍បានឱ្យដឹងថា ផ្ទះតូបលក់លក់អីវ៉ាន់ដែលត្រូវបានអគ្គិភ័យឆាបឆេះ មានទំហំ ៥ ម៉ែត្រ X ១២ ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងបានឆក់យកជីវិតក្មេងប្រុស-ស្រីចំនួន ០២ នាក់ បងប្អូនបង្កើត រួមមាន៖ ទី១- ឈ្មោះ ស៊ីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និង ទី២- ឈ្មោះ ស៊ីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលមានម្តាយឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ស្ត្រីជាំម្តាយបង្កើតបានរៀបរាប់ទាំងក្តុកក្តួលគ្មានអារម្មណ៍ក្នុងខ្លួនថា៖ នៅវេលាម៉ោងប្រមាណ ២០និង៣០នាទី ដោយគាត់បានចាក់សោរផ្ទះពីខាងក្រៅ និងបានឆ្លៀតពេលទៅដកស្មៅបន្លែរបង្ការបន្តិចបន្តួចចំងាយប្រហែលជិត ២០០ ម៉ែត្រ នៅខាងក្រោយផ្ទះ។ លុះដល់ម៉ោងប្រហែលជាង ២៣ ស្រាប់តែឮស្នូរផ្ទុះយ៉ាងខ្លាំងធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល និងមើលមកផ្ទះឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅក៏ទន់ជង្គង់គ្មានកម្លាំង ដើម្បីជួយសង្គ្រោះកូនៗទាំងពីរនាក់របស់គាត់បានឡើយ។
សូមបញ្ជាក់ថា នៅក្នុងតូបលក់ដូររបស់គាត់ មានប៊ីដុងសាំង ចំនួន ០២ ប៊ីដុង ម៉ូតូ ចំនួន ០២ គ្រឿង កំប៉ុងហ្គាសតូចៗជាច្រើន និងសម្ភារៈចាបហួយទៀត ទើបធ្វើឱ្យស្ថានភាពអគ្គិភ័យឆេះកាត់កាចសារហាវយ៉ាងឆាប់រហ័ស ទើបសមត្ថកិច្ចមិនអាចចេញអន្តរាគមន៍បានទាន់ពេលវេលា និងទទួលព័ត៌មានពីករណីអគ្គិភ័យមានការយឺតយ៉ាវ។
ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះដែរ មិនទានមានការសន្និដ្ឋានណាមួយបណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដឡើយ ហើយពេលនេះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុករកមូលហេតុ និងដើមចមដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះផងដែរ។
សម្រាប់នារដូវប្រាំងរាំងស្ងួតនេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការដុតភ្លើងទៀន ធូប ភ្លើងចង្កានបាយ និងបណ្តាញអគ្គិសនី មុនចាកចេញពីផ្ទះត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវពន្លត់ងងើតភ្លើងឱ្យអស់ និងបិតកុងតាក់ផ្តាត់ចរន្តអគ្គិសនីជាដើម ដើម្បីការពារកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។
សោកនាដកម្មដ៏រន្ធត់នេះដែរ ក្រុមការងារស្ថានីយទូរទស្សន៍ អឹម អេស ជេ សូមចូលរួមសំដែងការសោកស្តាយ និងរំលែកទុកដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារក្មេងប្រុស-ស្រីរងគ្រោះទាំងពីរនាក់ និងបួងសួងឱ្យវិញ្ញាខ័ន្ឌពួកគេបានទៅដល់សុខគតិភព បើមានជាតិក្រោយកុំអាយុខ្លីបែបនេះ៕