2025-02-01 22:18
38

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌី ភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មីបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅ​ឆ្នាំ២០៣០។ អូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ 

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០៥ នៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូល រួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ ឯក​ឧត្តម ដេ រីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Alissar Chaker តំណាង យូអិនឌី ភី ប្រចាំនៅកម្ពុជា។ 

ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា៖ «អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹង ប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយ ជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩​៩​០ ដោយក្នុងនោះ ជាង ៣៥ លានដុល្លារអាមេរិក បានផ្តល់ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល»។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា «ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមិននៅកម្ពុជា បោស​សម្អាតបានផ្ទៃ​​ដី ទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅ ជាសហគមន៍ដែលរីកចម្រើន»

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការ លះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ ឯកឧត្តមក៏បានស្វាគមន៍ កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្​ត្​រា​លី ក្នុងការផ្តល់ជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀត នូវចក្ខុវិស័យរួមរបស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ 

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ទៀតថា៖ រាល់ចម្ការមីនដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែលយើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេ​ស​កម្ពុជាគ្មានមីន។ យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាព សម្រាប់មនុស្សជំនាន់ក្រោយ។ យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរបុរាណបានពោលថា ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ»

ឯកឧត្តម ដេរីក យីប បានមានប្រសាសន៍ថា៖ «អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។ ចាប់ពីឆ្នាំ២០០៦មក មូលដ្ឋានគ្រឹះនៃភាព ជាដៃគូនេះ គឺ​គម្រោង​បោសសម្អាតមីន ដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រ​ជា​ជនកម្ពុជា កសាងអនាគតកាន់តែភ្លឺស្វាង»

លោកស្រី Alissar Chaker មានប្រសាសន៍ថា «យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូ ស្ត្រាលី លើគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និង សំណល់ជាតិផ្ទុះ​ពី​សង្គ្រាម ដើម្បីឱ្យប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជន អំពីហានិភ័យ និងគាំទ្រជនរងគ្រោះឱ្យទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាង ជីវិតរបស់ពួកគេ។ យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំ​ណើរ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម»

គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយ ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការ បោសសម្អាតមីន ការអប់រំអំ​ពី​ហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដី ជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុ​វត្ថិភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនជាង ១,២ លាននាក់៕