2025-02-01 22:54
9

បន្ឋាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការបង្ហាញមុខក្រុមចោរ ចំនួន ០៩ នាក់ ដែលបានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូរបស់អ្នកដឹកបាយ និងម្ហូប​ នៅម្តុំមុខ​ហា​​​​ង​ប្តូរប្រាក់ យីហោ «សុធារ៉ា» កាលពីពេលថ្មីៗនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប។

នគរបាលឱ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ ជាមុខសញ្ញាក្មេងទំនើង មានភាពល្បីល្បាញខ្លាំងណាសខាងកាប់ចាក់ ក្នុងក្រុងប៉ោយប៉ែត រហូតហ៊ានចេញធ្វើសកម្មភាពប្លន់យកម៉ូតូ​ពី​ជន​រងគ្រោះបានសម្រេចរួចបានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាសង្ស័យ និងទីតាំងលាក់ខ្លួនឈានដល់ការបង្ក្រាបទាំងសម្បុកតែម្តង​។

របាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង ២ទាបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅមុខហាង ប្តូរប្រាក់ យីហោ សុធារ៉ា នៅចំណុចដំណក់ទឹក ក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កើតមានករណីស្ទាក់កាប់ប្លន់យកម៉ូតូពីជនរងគ្រោះមួយករណី បង្កឡើងដោយក្រុមចោរមានគ្នាជាច្រើននាក់។ ក្រោយទទួលបានព័ត៌មាន ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់បាន ០១នាក់ មានឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយការសាកសួរជនសង្ស័យ ឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា៖ «ខ្លួនបានធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន ដោយមានគ្នាជាច្រើននាក់ទៀត កំពុងគេចខ្លួន»។ បន្ទាប់បានបានចម្លើយ និងទីតាំងសមត្ថកិច្ចបានបន្តនិតិវិធីចុះបង្ក្រាបបក្ខពួកបាន ចំនួន ០៨ នាក់បន្ថែមទៀត។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងក្រុមជាមុខសញ្ញាចោរប្លន់ទៅកាន់ តុលាការនៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ ២០២៥ នេះ ដើម្បីចាត់ការបន្តតាម​នីតិវិធី៕