ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងបន្ថែមទៀតថា៖ «ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន»។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះ នាឱកាសបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ ហៅ «គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្មវិធីនាចុងសប្តាហ៍នេះ គ.ក.ស. បានបង្ហាញពីរបាយការណ៍សមិទ្ធផលដែលខ្លួនសម្រេចបាន ក្នុងឆ្នាំ២០២៤ និងដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ ក្រោយបានស្តាប់របាយការណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ «ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ […] សមិទ្ធផល និងសកម្មភាពដែលថ្នាក់ដឹកនាំ និងមន្ត្រីមាន និងដែលកំពុងធ្វើនាពេលនេះ ជាឱកាសដ៏ល្អ និងស្ថិតក្នុងបរិយាកាសអំណោយផល ដើម្បីចូលរួមកសាងប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ និងដែលជាកេរមរតកដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ»។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា៖ «បេសកកម្មដែលថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ និងពោរពេញដោយឧត្តមភាព»៕