ប្រមុខដឹកនាំកម្ពុជា បានលើកឡើងបន្ថែមទៀតថា៖ «ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបាន ចំនួន ០៣ ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនី ចំនួន ១២ កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កើតឡើងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ»។
សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្ត ចំនួន ០៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹក ចំនួន ០៥ ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ ១។ ទី២/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹក ចំនួន ០៥ ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម និង ទី៣/ ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹក ចំនួន ០២ ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ ១ ម៉ឺនហិចតា៕