ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃនិងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តប៉ៃលិននិងមកពីបណ្តាខេត្តផ្សេងៗជាង ៧ម៉ឺននាក់ បាននាំគ្នាមកលេងកំសាន្តជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិនយ៉ាងច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាបមានព្រៃភ្នំជ្រលងដងអូរធ្វើឱ្យពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់និងការនឿយហត់នានាក្នុងការប្រកបការងារចិញ្ចឹមជីវិតកន្លងមក។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មានសក្តានុពលផ្នែកអេកូទេសចរណ៍សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណ្ឌភាពនៅតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍ និងតាមទីសាធារណៈក្នុងខេត្តដែលប្រែក្លាយជាទីកន្លែងទេសចរណ៍ដ៏ស្រស់បំព្រង បរិស្ថានល្អ និងពង្រឹងផ្នែកសេវាកម្មទេសចរណ៍ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើនបានជ្រើសរើសមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖
-ចំនួនភ្ញៀវជាតិសរុបមានចំនួន ៧២,២៨២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,២៩% ក្នុងនោះភ្ញៀវជាតិសរុបចំនួន ៧១,៨១១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%។ ដោយ៖ស សារឿន