ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ ដែលតែងតែបង្កការអុកឡុង និងប្រើអំពើហិង្សាក្នុងគ្រួសារញឹកញាប់ ហើយកន្លងធ្លាប់ប្រើកាយវិកាយមិនសមរម្យចង្អុលមុខសមត្ថកិច្ចពេលចុះអន្តរាគមន៍ និងធ្លាប់បានលើកម្រាប់ដៃដប់សំពះសុំទោសជាសាធារណៈ ដោយធ្វើការអប់រំ និងកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញកាលពីពេលថ្មីៗ ប៉ុន្តែចរិកពាលមិនកែប្រែបន្តបង្កហិង្សាក្នុងគ្រួសារដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិម្តាយក្មេកនៅក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។
បុរសដែលមិនកែចរិកចូលចិត្តប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ត្រូវបាននគរបាលប្រាប់ឱ្យដឹងថា មានឈ្មោះ ម៉ី រស្មី ភេទប្រុស អាយុជាង ៤០ឆ្នាំ ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នគរបាលបានបន្តទៀតថា បុរសម្នាក់នេះ ធ្លាប់សុំទោសជាសាធារណៈម្តងរួចហើយ ដោយសារការចង្អុលមុខសមត្ថកិច្ចប្រើប្រាស់សម្តី និងកាយវិកាយមិនសមរម្យ ហើយពេលនេះបានដុតផ្ទះម្តាយក្មេកក៏ត្រូវបានសមត្ថកិច្ចខណ្ឌសែនឃាត់ខ្លូនចាត់ការតាមច្បាប់មិនលើកលេងឱ្យទៀតទេ។
សូមរំឭកថា កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅអន្តរាគមន៍ក្រោយទទួលការប្តឹងរាយការណ៍ថា មានបុរសម្នាក់បម្រុងធ្វើហិង្សាលើគ្រួសារហើយបុរសរូបនោះ បានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច។
លុះដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានហៅឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មកសាកសួរ ហើយជននេះ បានធ្វើការសុំទោសជាសាធារណៈ ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ម៉ី រស្មី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕