ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតមានប្រវែង ២,៨ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិតាតុក ឃុំមោង ទៅដល់ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះ ជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវក្រាលបេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើធុរៈកិច្ចផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ខ្សែផ្លូវទី២ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២២,២ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានសម្រេចប្រមាណ ៣៣%។
ខ្សែផ្លូវទី៣ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ទៅដល់ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ដែលបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានប្រមាណ ៦៧%។
ខ្សែផ្លូវទី៤ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានប្រមាណ ៤៣%។
ទន្ទឹមនឹងការអញ្ជើញចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយការស្ថាបនាផ្លូវប៉ះពាល់ប្រឡាយទឹកប្រើប្រាស់របស់ពួកគាត់ផងដែរ។ ការងារសាងសង់ផ្លូវទាំងបីខ្សែខាងលើនេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។
ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣ខ្សែ នោះផងដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង៕