អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឱ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្មេងទំនើង ចំនួន ០២ ក្រុម បាននាំគ្នាធ្វើសកម្មភាពយកដុំថ្មដេញគប់គ្នា, កាន់កាំបិតផ្គាក់ និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក រួចក៏នាំគ្នារត់ចេញពីកន្លែងកើតហេតុ។
ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨ នាក់ (អនីតិជន ចំនួន ០១ នាក់) ព្រមទាំងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន លើជនសង្ស័យ ចំនួន ០៣ នាក់។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន ០៨ នាក់ និងគូកន តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៤ អ.យ.ឃ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ១ ខាងមុខប្រៃណីយ៍ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និង មាត្រា ៤៩០ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ទទួលបានព័ត៌មានតាមរយៈ គណនីហ្វេសបុក ដោយបានបង្ហោះវីដេអូ មានខ្លឹមសារថា «ក្រុងបាវិត វៃគ្នាសឹងរាល់ថ្ងៃអនាធិបតេយ្យនៅមុខប្រៃសណីយ៍ នៅម៉ោង ៤និង០០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥»។ ក្រោយពីបានទទួលបានព័ត៌មាន រួចមកមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងឱ្យលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយលោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណក្មេងទំនើង ដែលបានបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀត ព្រមទាំងបានឃាត់ខ្លួនក្មេងទំនើង ចំនួន ០៨ នាក់ (ប្រុស) និងដកហូតវត្ថុតាង ម៉ូតូ ចំនួន ០៣ គ្រឿង ដាវ ០១ដើម កាំបិតផ្គាក់ ០១ដើម និងកាំបិត ០១ដើម។
បច្ចុប្បន្ន ក្មេងទំនើងទាំង ០៨នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមីតិវិធីច្បាប់ និងត្រូវសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តជាបណ្តោះអាសន្នរួចរាល់៕